(កំពង់ស្ពឺ)៖ លោក សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ ទទួលបន្ទុកឃុំសម្បូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២១ បានចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋក្នុងឃុំសំបូរចំនួន៥៤គ្រួសារ ក្នុងនោះ ៥១គ្រួសារ បានបញ្ចប់ធ្វើចត្តាឡីស័ករួចហើយ និង៣គ្រួសារទៀត កំពុងធ្វើចត្តាឡីស័ក។
ពិធីនេះក៏មានការចូលរួមពីអនុប្រធាន និងសមាជិកនៃក្រុមការងារចុះថ្នាក់កណ្តល និងថ្នាក់ខេត្តចុះជួយឃុំសំបូរ ព្រមទាំងក្រុមប្រឹក្សាឃុំ និងយុវជនឃុំជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសនោះ លោក សោម អូន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងលោកជំទាវ ជូនដល់លោកតា លោកយាយ មាមីងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីនេះ ដោយក្តីនឹករលឹក។
លោក សោម អូន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ក្រុមការងារចុះជួយឃុំសំបូរ និងក្រុមការងារនៅមូលដ្ឋាន ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចបំរើប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន ឃុំសំបូរ ដោយមិនគិតពីការនឿយបត់ និងទទួលបានលទ្ឋផលល្អប្រសើរ។ ជាពិសេសបានលះបង់ និងតស៊ូ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលចូលទៅក្នុងសហគមន៍។
លោក សោម អូន បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ត្រូវរស់នៅតាមទម្លាប់ថ្មី គឺត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនកុំប្រហែសឲ្យសោះ។
សូមបញ្ជាក់ថា អំណោយសរុបដែលបានផ្តល់ជូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័ករួចហើយ និងកំពុងធ្វើចត្តាឡីស័កទាំង៥៤គ្រួសារ រួមមាន៖ អង្ករ ៥៤០គីឡូក្រាម, មី៥៤កេះ, ទឹកស៊ីអីវ៥៤យួរ, ត្រីខ៥៤ និងទឹកត្រី៥៤យួរ៕