(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញមកទាត់ចោលការបំភ្លៃ ពីមេធាវីមួយរូបឈ្មោះ កង ឬទ្ធិគីរី ដែលបានបង្ហោះសារលើបណ្តាញសង្គមថា ក្រសួងយុត្តិធម៌លក់សៀវភៅព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងតម្លៃ១០០ដុល្លារក្នុងមួយក្បាល។
តាមរយៈបណ្តាញព័ត៌មាន Fresh News លោក គឹម សន្តិភាព បានសម្តែងការសោកស្តាយ ចំពោះការផ្សព្វផ្សាយដោយគ្មានការទទួលខុសត្រូវក្នុងនាម លោកមេធាវី កង ឬទ្ធិគីរី ជាអ្នកដែលមានវិជ្ជាជីវៈច្បាប់មួយរូបដែរនោះ និងស្នើលោកមេធាវីកែតម្រូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញជាបន្ទាន់។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះ៖ «សូមជម្រាបទៅលោកមេធាវី កង ឬទ្ធិគីរី ជ្រាបថា ការផ្សព្វផ្សាយរបស់លោកមេធាវី លើករណីទិញសៀវភៅព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ពីក្រសួងយុត្តិធម៌ក្នុងតម្លៃ ១០០ដុល្លារក្នុងក្បាលនោះ គឺជាការផ្សព្វផ្សាយមួលបង្កាច់លើក្រសួងយុត្តិធម៌ទាំងស្រុង ព្រោះក្រសួងយុត្តិធម៌ ពុំដែលមានយន្តការណាមួយ បោះពុម្ភសៀវភៅនេះដើម្បីលក់នោះទេ។ រឿងលោកទិញសៀវភៅពីបុគ្គលណាមួយនោះ ជារឿងរបស់លោក និងបុគ្គលនោះ មិនពាក់ព័ន្ធនឹងក្រសួងឡើយ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនសាធារណជនថា សៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌បានបោះពុម្ភផ្សាយតែម្តងគត់នាពេលកន្លង ក្នុងអំឡុងឆ្នាំ២០១៣ ដោយប្រើប្រាស់ថវិកាជំនួយរបស់ភាគីបារាំង និងថវិការបស់ជាតិ ហើយបានចែកផ្សាយទូទាំងប្រទេសដោយឥតគិតថ្លៃ ដល់អ្នកពាក់ព័ន្ធទាំងអស់ជាអាទិ៍ មន្ត្រីអនុវត្តច្បាប់ និងគ្រូបង្រៀនផងដែរ រួចរាល់អស់ហើយ ដោយពុំមានការចែកផ្សាយសៀវភៅនេះបន្តទៀតទេ។
ជំនួសឲ្យការចែកផ្សាយសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះ ក្រសួងយុត្តិធម៌ បានផ្សព្វផ្សាយក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទាញយកឯកសារផ្លូវការនេះមកប្រើប្រាស់ដោយគ្មានការគិតថ្លៃនោះដែរ៕