(ភ្នំពេញ)៖ មានការចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីប្រឡាយទឹកស្ទឹងមានជ័យ មិនមានសំរាមកកកុញដូចបណ្តាឆ្នាំកន្លងទៅ។
ជារៀងរាល់ឆ្នាំនៅប្រឡាយស្ទឹងមានជ័យនេះ ពេលមានភ្លៀងធ្លាក់ គេតែងឃើញសំរាមអណ្តែតត្រៀមត្រាកកកុញនៅក្នុងប្រឡាយនាំឱ្យស្ទះចរន្តទឹកហូរ ហើយអាជ្ញាធរតែងតែអន្តរាគមន៍កាយសំរាម ដើម្បីសម្រួលការហូរទឹក។
ក្រោយពីមានភ្លៀងធ្លាក់មួយមេធំនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានធ្វើឱ្យទឹកប្រឡាយស្ទឹងមានជ័យពេញប្រៀប។ គេក៏បានចាប់អារម្មណ៍នៅក្នុងផ្ទៃប្រឡាយស្ទឹងមានជ័យនេះ មិនមានសំរាមអណ្តែតត្រៀមត្រា និងកកកុញដូចរាល់ឆ្នាំនោះទេ។
គេមិនទាន់អាចសន្និដ្ឋានបានច្បាស់ទេថា តើការអត់សំរាមនៅស្ទឹងមានជ័យនេះ ដោយសារតែការយល់ដឹងរបស់ប្រជាពលរដ្ឋតាមដងស្ទឹងលើការទុកដាក់សំរាម ឬដោយសារការបិទខ្ទប់ការពារកូវីដ១៩ នាំឱ្យមិនសូវមានសកម្មភាពអាជីវកម្មនានា ហើយឈានដល់ការមិនសូវមានសំរាមនោះទេ?
បើទោះបីជាយ៉ាងណា លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសម្តែងការសាទរចំពោះទិដ្ឋភាពនេះ។ លោកប្រធានមន្ទីរ បានចាត់ទុកទិដ្ឋភាពនេះ បានមកពីការចូលរួមមួយចំណែកធំរបស់ប្រជាពលរដ្ឋរស់នៅតាមដងប្រឡាយ ដែលបានយល់ដឹងលើការទុកដាក់សំរាម។
លោក សាំ ពិសិដ្ឋ បានប្រាប់ Fresh News ថា ការមិនមានសំរាមកកកុញនៅប្រឡាយនេះ បានធ្វើឱ្យការហូររំដោះទឹកភ្លៀងក្នុងរាជធានីភ្នំពេញ មានសភាពលឿន និងល្អប្រសើរច្រើន បើធៀបជាមួយការមានសំរាមកកកុញ។
លោក សាំ ពិសិដ្ឋ បន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងនៅតាមដងប្រឡាយ ចូលរួមទុកដាក់សំរាមឱ្យបានល្អ ដើម្បីសោភ័ណភាពស្អាតក្នុងរាជធានីភ្នំពេញ និងដើម្បីប្រជាពលរដ្ឋរស់នៅមានសុខភាពល្អផងដែរ។
សូមបញ្ជាក់ថា ក្រោមគំនិតផ្ដើមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីបានប្រែក្លាយប្រឡាយស្ទឹងមានជ័យពីទឹកស្អុយ ទៅជាប្រឡាយបេតុងយ៉ាងស្អាត គ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីខណ្ឌ៣ ឬគ្រប់តំបន់ ហើយគម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។
ការប្រែមុខមាត់ថ្មី នៃប្រឡាយស្ទឹងមានជ័យ បានអនុវត្តតាំងពីដើមឆ្នាំ២០១៩ ហើយបានសាងសង់រួចរាល់នៅឆ្នាំ២០២០។
ប្រឡាយដែលបានកែលំអរនេះ មានប្រវែងសរុប ១៥០០ម៉ែត្រ ឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែនសុខ៕