(ព្រៃវែង)៖ អភិបាលខេត្តព្រៃវែងដែលទើបទទួលការតែងតាំង លោក ជា សុមេធី បានព្រមានធ្ងន់ៗដល់អាជ្ញាធរស្រុក មន្រ្តីពាក់ព័ន្ធ ជាពិសេសមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្តព្រៃវែង ត្រូវបើកភ្នែកមើលរថយន្តដឹកជញ្ជូនដែលលើសទំងន់នាំឲ្យខូចស្ពាន និងផ្លូវនៅក្នុងខេត្ត ក្នុងនោះលោកអភិបាលខេត្តក៏បានផ្តោតទៅហេតុការណ៍ធ្វើឲ្យខូចស្ពានត្សឺបាសា ហៅស្ពានអ្នកលឿង ដែលមានរថយន្តដឹកស្រូវ-អង្ករ ទៅខូច និងបំផ្លាញស្ពាននោះផងដែរ។
ការថ្លែងព្រមានជាសាធារណៈរបស់អភិបាលខេត្តព្រៃវែង លោក ជា សុមេធី ខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួម សម្ភោធសមិទ្ធផលនានា ក្នុងវត្តមហាគង្ការរតនារាម (ហៅវត្អ្នកលឿង)ស្ថិតនៅឃុំអ្នកលឿង ស្រុកពាមរ៍។ លោក ជា សុមេធី បានប្រាប់ខ្លាំងៗទៅអាជ្ញាធរស្រុក មន្ទីរសាធារណការ សមត្ថកិច្ចទាំងអស់ ទី១-ត្រូវបើកភ្នែកមើលផងអំពីរថយន្តដឹកជញ្ជូន លើសកំរិតទម្ងន់កំណត់ ដែលធ្វើឲ្យខូចខាត ស្ពានត្សឺបាសា ហៅស្ពានអ្នកលឿង និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ ផ្លូវលំនានា នៅទូទាំងខេត្តព្រៃវែង ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងទំនាក់ទំនងល្អ ជាមួយប្រទេសជប៉ុន សុំជំនួយក្នុងការកសាងស្ពានអ្នកលឿងនេះឡើង ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋទៅទូទៅ ជាពិសេសបានចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលបានយ៉ាងច្រើន ដូច្នេះចាប់ពីពេលនេះតទៅ អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវតែបង្ការ ទប់ស្កាត់ឲ្យខានតែបាន។ នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានប្រាប់ទៅមន្រ្តី និងសមត្ថកិច្ច ត្រូវបង្ការ ទប់ស្កាត់ឲ្យបាននូវល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរ ការប្រើប្រាស់ ការចែកចាយគ្រប់ប្រភេទ នៅតំបន់ទីប្រជុំជនអ្នកលឿង ព្រមទាំងពង្រឹង និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ ឲ្យបានច្រើន។ ជាមួយគ្នានេះលោកបានស្នើទៅ អាជ្ញាធរ សមត្ថកិច្ចត្រៀមខ្លួនជួយប្រជាពលរដ្ឋនៅពេលមានគ្រោះធម្មជាតិកើតឡើង ជម្រុញ និងចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នា ត្រូវបង្កលក្ខណៈល្អជូនប្រជាពលរដ្ឋ នៅពេលមកធ្វើលិខិតស្នាមផ្សេងៗ ឲ្យបានទាន់ពេលវេលាមិនត្រូវប្រព្រឹត្តអំពើពុករលួយ ខុសនិងច្បាប់ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋនោះឡើយ។ តែយ៉ាងណាក៏ដោយ លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះព្រះចៅអធិការវត្ត គណៈកម្មាធិការវត្ត ដែលបានខិតខំកសាងសមិទ្ធនានាក្នុងវត្ត នេះរហូតបានចប់ជាស្ថាបពរ ធ្វើឲ្យទីអារាមទាំងមូលមានភាពស្រស់ស្អាត សក្តិសមជាទីសក្ការបូជារបស់ពុទ្ធបរិស័ទទាំងអស់ ជាពិសេសសម្តែងនូវការកោតសរសើរចំពោះសប្បុរសជនទាំងអស់ដែលមានជំនឿលើព្រះពុទ្ធសាសនាយើង និងបានចំណាយធនធានផ្ទាល់ខ្លួនក្នុងការកសាងសមិទ្ធផលក្នុងវត្តនេះឡើង បានរួចរាល់ជាស្ថាបពរ។
លោកអភិបាលខេត្ត ក៏បានឧបត្ថមថវិកាក្នុងកសាងនូវថវិកា៥លានរៀន លោកគ្រូ អ្នកគ្រូ២០នាក់ ក្នុងម្នាក់ថវិកា១០,០០០រៀល យាយជីតាជី៥០នាក់ ក្នុងម្នាក់ៗក្រណាត់ស១ដុំ ថវិកា៥,០០០រៀល និងសិស្សានុសិស្ស១០០នាក់ក្នុងម្នាក់ៗមានសៀវភៅ និងប៊ិច៕