(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ១៩ ចំនួន៩៨គ្រួសារ មកពីឃុំចំនួន៥ នៅស្រុកជុំគិរី ខេត្តកំពត។ ពិធីនេះរៀបចំធ្វើឡើងនៅវិទ្យាល័យហ៊ុន សែនអង្គរចក ស្ថិតក្នុងសាលាស្រុកជុំគិរី។
ថ្លែងក្នុងឱកាសនោះ លោក ជាវ តាយ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋ មកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកអ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ គឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
លោកអភិបាលខេត្ត បានបញ្ជាក់ថា បើទោះបីអំណោយនាពេលនេះ មានចំនួនតិចតួចក្ដីមិនអាចឆ្លើយតបបានយូរអង្វែង ប៉ុន្តែអាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។ ពិសេសក្នុងដំណាក់កាលនៃស្ថានភាពវិបត្តិកូវីដ១៩ នេះ។
លោកអភិបាលខេត្ត បានលើកឡើងទៀតថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបានជំរុញណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ និងកាកបាទក្រហមរាជធានី ខេត្ត ក្រុង ស្រុក បញ្ចេញនាំស្បៀងអាហារគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ដើម្បីជួយដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។
លោក ជាវ តាយ ក៏បានសំណូមពរ ផ្ដាំផ្ញើដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវរក្សានឹងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ពិសេសក្នុងករណីបើមានប្រជាពលរដ្ឋ ចំណាកស្រុក ហើយបានវិលត្រឡប់មកពីតំបន់ប្រឈមនៃការឆ្លងកូវីត១៩ មកកាន់លំនៅឋានវិញ ត្រូវរួមគ្នារាយការណ៍ ដល់អាជ្ញាធរ ឬជំនាញ ដើម្បីធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងបើសិនមានករណីសង្ស័យការឆ្លង ត្រូវឱ្យជំនាញយកសំណាកពិនិត្យឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការដើរហើរសេរីឆ្ងាយនាំឱ្យឆ្លងចូលដល់ក្នុងសហគមន៍។
លោក ជាវ តាយ បានសំណូមពរសូមឱ្យប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អនុវត្តវិធានការអនាម័យថែរក្សាសុខភាពគ្រួសារ ឱ្យបានល្អ និងយកចិត្តទុកដាក់ បង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
អំណោយពីកាកបាទក្រហមកម្ពុជា ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ, ទឹកសុទ្ធ ១កេស, ទឹកត្រី និងត្រីខ រួមនិងថវិកាមួយចំនួនទៀត។ លោក ជាវ តាយ ក៏បានជូនថវិកាសរុបចំនួន ៤៥ម៉ឺនរៀលដល់ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកក្របាទក្រហម កងកម្លាំងទាំងបី និងប្រជាការពារផងដែរ៕