(កោះកុង)៖ ក្រុមយុវជនការងារ១៥៧ ប្រចាំខេត្តកោះកុង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត ប្រគល់ជូនមណ្ឌលសុខភាពឫស្សីជ្រុំ ដោយក្នុងនោះ រួមមាន Computer laptop ចំនួន២គ្រឿង Printer ចំនួន២គ្រឿង និងផ្តល់ជូនសាលាបឋមសិក្សាភូមិកោះ Computer laptop ចំនួន១គ្រឿង។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ កន្លងទៅលោក ហ៊ុន ម៉ាណែត នៅក្នុងឱកាសសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សានៅសាលាបឋមសិក្សាជំនាប់ សាលាបឋមសិក្សារប្រឡាយ បឋមសិក្សារសំរោង និងសាលាបឋមសិក្សាចំណារ ស្ថិតក្នុងតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង ក៏បានឧបត្ថម្ភអគារ ប៉ុស្តិ៍សុខភាពចំនួន៣ខ្នង សម្រាប់៣ឃុំ និងអណ្តូងទឹកចំនួន១៦សម្រាប់៤ឃុំ ដោយក្នុងនោះ មានអណ្តូងទឹកមួយ ដែលត្រូវផ្តល់ជូនមណ្ឌលសុខភាពឬស្សីជ្រុំ។ ដោយឡែកសាលាបឋមសិក្សាភូមិកោះ ក៏ធ្លាប់បានទទួលនូវបង្គន់អនាម័យចំនួន២ពីក្រុមចលនាយុវជន១៥៧ផងដែរ។
លោក កែវ នីបូរ៉ា អភិបាលស្តីទីស្រុកថ្មបាំង ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងជំនួសមុខជូនមណ្ឌលសុខភាពឬស្សីជ្រុំ និងសាលាបឋមសិក្សាភូមិកោះ ក៏ដូចជាលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ក្នុង ឃុំឫស្សីជ្រុំ សូមថ្លែងអំណរគុណ និងគោរពដឹងគុណជានិច្ចចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូពីទុក្ខលំបាក និងការខ្វះខាតក្នុងមូលដ្ឋាន៕