(ឧត្តរមានជ័យ)៖ អតីតយុទ្ធជនដែលកំពុងរស់នៅ និងអាស្រ័យផលលើដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ស្ថិតនៅភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ទទួលបានការស្ញប់ស្ញែង និងកោតសរសើរយ៉ាងខ្លាំង ពីលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
អតីតយុទ្ធជនរស់នៅទីតាំងខាងលើនេះមានចំនួនប្រមាណ ៦៥គ្រួសារ ហើយបានចូលមករស់នៅតំបន់នេះក្នុងឆ្នាំ២០១៦។ អតីតយុទ្ធជនដែលភាគច្រើនមានពិភារភាពព្រោះការតស៊ូលើសមរភូមិសង្គ្រាមពីអតីតកាលនេះ ក្រោយទទួលបានដីផ្តល់ឱ្យដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រឹងប្រែងជាខ្លាំងក្នុងការដាំដុះឈើហូបផ្លែ និងដំណាំផ្សេងៗ ព្រមទាំងការចិញ្ចឹមសត្វផងដែរ ដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគេ។
ការដាំដុះ និងការចិញ្ចឹមសត្វធាតុផ្សេងៗរបស់អតីតយុទ្ធជននៅតំបន់នេះ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសមាគមអតីតយុទ្ធជន ក៏ដូចជាអាជ្ញាធរខេត្ត ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ក្រោមការប្រតិបត្តិការងារផ្ទាល់ ពីសំណាក់លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការ។
ក្នុងដំណើរចុះពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជននៅទីតាំងខាងលើនេះ អតីតយុទ្ធជនបានរៀបចំបង្ហាញនូវដំណាំផ្លែឈើផ្សេងៗ ដែលពួកគេបានទទួលផលពីការដាំដុះ។
បើតាមថ្នាក់ដឹកនាំសមាគមខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ការដាំដុះ និងការចិញ្ចឹមសត្វធាតុរបស់អតីតយុទ្ធជននេះ បានចែកចាយ និងលក់ដូរនៅក្នុងខេត្ត និងនាំចេញទៅប្រទេសថៃ ទទួលបានចំណូលទ្រទ្រង់ជីវភាពបានប្រសើរមួយកម្រិត។
ក្នុងដំណើរចុះសួរសុខទុក្ខអតីតយុទ្ធជននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងបញ្ជាក់ថា «ខ្ញុំពិតជារីករាយពេលឃើញបងប្អូនប្រឹងប្រែងឧស្សាហ៍ព្យាយាមក្នុងការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីកសាងជីវភាពបែបនេះ។ បើទោះបីបងប្អូនរងភាពពិការព្រោះតែសង្គ្រាម តែបងប្អូនមិនផ្តេកផ្តួលពឹងផ្អែករាជរដ្ឋាភិបាលទាំង ស្រុងនោះឡើយ។ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះភាពប្រឹងប្រែងរបស់បងប្អូន»។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងដែរថា អតីតយុទ្ធជនកម្ពុជា តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជាកិច្ចតបស្នងចំពោះការលះបង់ និងពលីកម្មដែលពួកគេបានធ្វើចំពោះជាតិ។ រាជរដ្ឋាភិបាល បានផ្តល់ដីសង្គមកិច្ច សាងសង់ផ្ទះសម្បែងជូនដល់ អតីតយុទ្ធជន ដើម្បីពួកគេកសាងជីវភាព និងរស់នៅបានសមរម្យ។
ជាមួយនេះ លោកទេសរដ្ឋមន្ត្រី បានណែនាំដល់អតីតយុទ្ធជនទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងត្រូវអនុវត្តន៍តាមវិធានអនាម័យទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការខ្លួនពីជំងឺកូវីដ-១៩៕