(ត្បូងឃ្ម)៖ អាជ្ញាធរខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកឱ្យដំណើរការឡើងវិញ ក្នុងការចែកចាយ និងការលក់គ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានចេញសេចក្តីណែនាំលេខ ០០៣/២១ សណន ស្តីពី ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជន ឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារហាងការហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
សេចក្តីណែនាំនេះ ត្រូវផុតសុពលភាពនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្នុងន័យនេះ រដ្ឋបាលខេត្តសូមធ្វើការជូនដំណឹងដល់ សាធារណជន ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋ ក្នុងខេត្តទាំងអស់សារជាថ្មីដូចតទៅ៖
*អនុញ្ញាតឱ្យដំណើរការឡើងវិញ ក្នុងការចែកចាយ និងការលក់គ្រឿងស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
*ត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងរៀបចំដាក់ ម៉ាស ជែល អាល់កុល និងឧបករណ៍វាស់កម្តៅជូនភ្ញៀវ ឬអតិថិជន ឱ្យបានត្រឹមត្រូវ មុនអនុញ្ញាតឱ្យចូលក្នុងហាង ឬភោជនីយដ្ឋាន។ល។
*ត្រូវរៀបចំកន្លែងអង្គុយដោយរក្សាគម្លាតសង្គម មានខ្យល់ចេញ-ចូល និងហាមបើកម៉ាស៊ីនត្រជាក់ ឬនៅក្នុងបន្ទប់បិទជិត
*ត្រូវធានារាល់ការលក់គ្រឿងឧបភោគ បរិភោគឱ្យស្របនឹងតម្លៃទីផ្សារ ប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារ
*ត្រូវបន្តអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ «៣ការពារ និង៣កុំ» និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕