(ភ្នំពេញ)៖ ក្នុងគោលបំណងកាត់បន្ថយ នូវអត្រាគ្រោះថ្នាក់ចររាចរណ៍ នៅតាមដងផ្លូវដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ក្នុងមួយៗឆ្នាំ ក្រសួងសាធារណការ និងដឹកជញ្ជូន និងដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយទៀត ក្នុងការកាត់ពិន្ទុទៅលើប័ណ្ណបើកបរ ចំពោះអ្នកដែលបានបើកបរល្មើសច្បាប់ចររាចរណ៍ ផ្លូវគោក រហូតប័ណ្ណបើកបរប្រើការលែងបាន។ បើតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ។
លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ទៀតថា យោងតាមមាត្រា ៤៣ នៃច្បាប់ចររាចរណ៍ផ្លូវគោក ប័ណ្ណបើកបរមានពិន្ទុពេញរហូតដល់១២ពិន្ទុ នឹងត្រូវបានកាត់ចេញ ទៅតាម បទល្មើសជាក់ស្តែងដែលអ្នកបើកបរល្មើសបានប្រព្រឹត្ត ដែលមានកាត់ពិន្ទុតាមបទល្មើសមានកាត់ ១ពិន្ទុ, ២ពិន្ទុ, ៣ពិន្ទុ, ៤ពិន្ទុ, ៦ពិន្ទុ ហើយនៅពេលដែលអ្នក បើកបរល្មើសបានកាត់អស់ពិន្ទុទាំង១២អស់ហើយ ប័ណ្ណបើកបរនឹងមិនអាចប្រើប្រាស់បានទៀតនោះទេ។
លោក ហ៊ាង សុទ្ធាយុត្តិ បានបន្តទៀត សម្រាប់ការដកពិន្ទុលើប័ណ្ណបើកបរ ទៅតាមបទល្មើសជាក់ស្តែងមានដូចជា៖
* ទី១៖ ដក១ពិន្ទុ មានដូចជា៖ មិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព, ប្រើភ្លើងហ្វានៅពេលជួបនឹងយានមកពីទិសផ្ទុយ, បើកបរលើសល្បឿនកំណត់ចាប់ពី ១ទៅ ១៩ គីឡូម៉ែត្រក្នុងមួយម៉ោង, បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់តាមប្រភេទយានយន្ត, ផ្ទុកមនុស្សលើសកំណត់។
* ទី២៖ ដក២ពិន្ទុ មានដូចជា៖ បើកបរលើសល្បឿនចាប់ពី ២០ ទៅ ២៩គីឡូម៉ែត្រក្នុងមួយម៉ោង, បើកបរបង្កើនល្បឿននៅពេលគេកំពុងជែងខ្លួន, បត់ឆ្វេង ស្តាំ មិនបាន ត្រឹមត្រូវ, បត់ត្រឡប់ក្រោយនៅកន្លែងហាមឃាត់, មិនគោរពលក្ខខណ្ឌនៃបណ្ណបើកបរ, បត់ឆ្វេង ស្តាំ ឬឈប់មិនបានឱ្យសញ្ញាជាដំណឹង, ជែង ឬជៀសមិនបានត្រឹមត្រូវ, បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ ដែលបង្កឱ្យមានគ្រោះថ្នាក់, បើកបរដោយធ្វេសប្រហែសធ្វើឱ្យរំខាន ដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត, មិនបានឱ្យសញ្ញា ជាដំណឹងត្រឹមត្រូវ នៅពេលចេញដំណើរ, យានមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ, ផ្ទុកទំនិញមិនបានត្រឹមត្រូវ, ចតយាននៅលើគំនូស សម្រាប់ថ្មើរជើងឆ្លងកាត់, ឈប់ ឬចតនៅលើគំនូសតម្រឹមទ្រូងផ្លូវ, ដាក់កុមារអាយុក្រោម ១០ឆ្នាំ ឱ្យអង្គុយនៅកៅអីផ្នែកខាងមុខនៃរថយន្ត, មិនបានដាក់កុមារអាយុក្រោម ៥ឆ្នាំ ឱ្យអង្គុយក្នុងកៅអី សម្រាប់ កុមារអង្គុយ ឬដេកក្នុងរថយន្ត។
* ទី៣៖ ដក៣ពិន្ទុ មានដូចជា៖ ឈប់ ឬចតនៅកន្លែងដែលគ្រោះថ្នាក់, ជែងដែលប្រកបដោយគ្រោះថ្នាក់, បើកបរជែងគ្នានៅកន្លែងហាមឃាត់, ប្តូរទិសគ្មានឱ្យសញ្ញាជាដំណឹង, បើកបរឆ្លងកាត់គំនូសបង្ហូតជាប់កណ្តាលទ្រូងផ្លូវ, បើកបរលើសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩ គីឡូម៉ែត្រក្នុងមួយម៉ោង, បើកបរក្នុងពេលមានអត្រា ជាតិស្រវឹង ចាប់ពី០.២៥ ទៅ ០.៣៩ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី០.៥០ ទៅ០.៧៩ ក្រាមក្នុងមួយលីត្រឈាម, បើកបរប្រណាំងគ្នាតាមផ្លូវ ដោយគ្មានច្បាប់អនុញ្ញាត, កំហុសនៃការឈប់ ឬការមិនផ្តល់សិទ្ធិអាទិភាព នៅកន្លែងថ្មើរឆ្លងកាត់, មិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម, មិនគោរពផ្លាកសញ្ញាឈប់ ឬសញ្ញាសិទ្ធិអាទិភាព, មិនគោរពសញ្ញាបញ្ជា ចរាចរណ៍របស់នគរបាលចរាចរណ៍។
* ទី៤៖ ដក៤ពិន្ទុ មានដូចជា៖ បើកបរលើសល្បឿនកំណត់ចាប់ពី ៤០ ទៅ ៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង, បើកបរមិនគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ, បើកបរទន្ទឹមគ្នា ធ្វើឱ្យស្ទះចរន្តចរាចរណ៍, មិនបានផ្តល់សិទ្ធិអាទិភាពឱ្យយានយន្តមានសិទ្ធិអាទិភាព, ទំនិញធ្លាក់ពីលើយានពេលកំពុងបើកបរ, បើកបរបញ្ច្រាសទិសចរាចរណ៍, បើកបរបង្ហោះ រេចុះឡើង ឆាប ឬកៀរ។
* ទី៥៖ ដក៦ពិន្ទុ មានដូចជា៖ បើកបរលើសល្បឿនកំណត់ចាប់ពី ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ, បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី០.៤០មីលីក្រាម ក្នុងមួយ លីត្រ ខ្យល់ ឬ ចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម ឡើងទៅ ឬមានឥទ្ធិពលគ្រឿងញៀនរត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍, ប្រើប្រាស់ផ្លាកលេខ និងបណ្ណសម្គាល់ យានយន្តក្លែងក្លាយ, បើកបរល្មើសច្បាប់ចរាចរណ៍ហើយបង្កឱ្យមានរបួសដកអ្នកដទៃដោយអចេតនាហើយបណ្តាលឱ្យអ្នករងគ្រោះមាន សមត្ថភាព ធ្វើការងារ ក្នុងរយៈពេលស្មើ ឬលើសពី ៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ឬស្លាប់, កំហុសមិនរាងចាលនៃការប្រើប្រាស់បណ្ណបើកបរហួសសុពលភាព ឬមិនត្រឹមត្រូវតាម ប្រភេទយានយន្ត, បដិសេធមិនឱ្យធ្វើតេស្តជាតិអាល់កុល ឬសារធាតុញៀន ផ្ទុកមនុស្សលើទំនិញ។
ទាក់ទងនឹង App កាត់ពិន្ទុលើប័ណ្ណបើកបរ សម្រាប់អ្នកបើកបរល្មើសច្បាប់នេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានថ្លែងថា ចាប់ពីឆ្នាំ២០២២តទៅ ក្រសួងមិនឱ្យអ្នកបើកបរល្មើសច្បាប់បង់លុយហើយ បានរួចខ្លួននោះឡើយ។ ជាវិធានការពិន័យបន្ថែមនោះ ក្រសួងនឹងបង្កើត App ថ្មីមួយទៀត ដើម្បីកាត់ពិន្ទុតាមចំនួន កំហុសរបស់អ្នកបើកបរ បើខុសច្រើនដងប័ណ្ណបើកបរនឹងប្រើការលែងបានតែម្តង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូច្នេះ «ប្រព័ន្ធApp ថ្មីមួយទៀតដែលយើងកំពុងធ្វើ ហើយសង្ឃឹមថាគោលដៅយើងនឹងធ្វើឱ្យបានចប់នៅខែមិថុនា ដើម្បីយើងខ្ញុំ នឹងយកទៅបង្ហាញជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកនូវកម្មវិធីមួយកាត់ពិន្ទុលើប័ណ្ណបើកបរ។ ច្បាប់យើងបានចែងថា ៥ឆ្នាំក្រោយពីច្បាប់ចូលជាធរមាន គឺមានការដកពិន្ទុអ្នកបើកយានយន្តខុសច្បាប់។ ឧទាហរណ៍ បើកលើសល្បឿនកំណត់នៃច្បាប់ បើកមិនឈប់ភ្លើងក្រហម បើកដោយប្រើគ្រឿងស្រវឹង -ល-។ មានមុខងារមួយចំនួននេះ ចឹងខុសកន្លែងនេះដក២ពិន្ទុ ខុសកន្លែង មួយទៀតដក ៣ពិន្ទុ អ៊ីចឹងយើងចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ ៥ឆ្នាំក្រោយពីច្បាប់ចូលជាធរមាន»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ក្រសួងកំពុងតែរៀបចំធ្វើ App នេះ។ នៅពេលអនុវត្តន៍យានយន្តបើកល្មើសច្បាប់ មន្ត្រីអនុវត្តន៍ច្បាប់ នឹងស្នើសុំយកប័ណ្ណបើកបរ ហើយយកកម្មវិធីនេះស្កេនលើប័ណ្ណបើកបរ។ បើមានកំហុសអីដាក់ចូលភ្លាម ប្រព័ន្ធនៃកម្មវិធីនេះនឹងបូកដកពិន្ទុភ្លាមៗស្វ័យប្រវត្តិតែម្តង។ នៅពេលដកពិន្ទុគ្រប់ហើយ ប័ណ្ណបើកបរនឹងប្រើការលែងបានតែម្តង។
លោកទេសរដ្ឋមន្ត្រី បានបន្តថា សម្រាប់អ្នកបើកបរល្មើសច្បាប់ មិនមែនអាងថា មានលុយបង់ហើយ គឺបានរួចខ្លួននោះទេ គឺធ្វើការផាកពិន័យហើយ នឹងដកពិន្ទុបន្ថែម កុំឱ្យអាចប្រើប័ណ្ណបើកបរទៀត។ បើតាមលោករដ្ឋមន្ត្រី ការដកយកក្នុងរយៈពេល៦ខែ ឬ១ឆ្នាំទៅតាមច្បាប់កំណត់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ទៀតថា អ្នកបើកបរល្មើសច្បាប់ ហើយកាត់អស់ចំនួន១២ពិន្ទុ ប័ណ្ណបើកបរនឹងប្រើការលែងបានតែម្តង៕