(ភ្នំពេញ)៖ នៅក្នុងសកម្មភាពសង្គម និងមនុស្សធម៌របស់ខ្លួន លោកស្រី Ines Cassin, អគ្គនាយិការអង្គការ Altadis Foundation (ជាអង្គការមិនរកប្រាក់ចំណូលមួយ របស់ Imperial Brands) បានចុះកិច្ចព្រមព្រៀង ភាពជាដៃគូជាមួយអង្គការ MAG កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅខេត្តបាត់ដំបង ដើម្បីអនុវត្តគម្រោង លើកកំពស់ជីវិត និងជីវភាពរស់នៅ តាមរយៈការកាត់បន្ថយ ការគំរាមកំហែងពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដទៃទៀតនៅកម្ពុជា។
នេះគឺជាគម្រោងទីពីរហើយ ដែលអង្គការ Altadis Foundation និង អង្គការ MAG បានសាងភាពជាដៃគូ ជាមួយគ្នានៅប្រទេសកម្ពុជា។ គម្រោងទី១ ត្រូវបានអនុវត្ត នៅឆ្នាំ ២០១៤ ដោយគាំទ្រលើការ បោសសំអាតមីនដោយប្រើប្រាស់គ្រឿងចក្រ។ ជាលទ្ធផលជោគជ័យ គម្រោងនេះ បានផ្តល់ផលប្រយោជន៍ ដល់ប្រជាជនចំនួនប្រមាណ ៤០.៨៤០នាក់ និងបោសសំអាតផ្ទៃដីបាន ចំនួន ២៥១.០០០ ម៉ែត្រការរ៉េ។ ដោយភាពជោគជ័យ របស់គម្រោងឆ្នាំ២០១៤ អង្គការ Altadis Foundation បានសម្រេចបន្ត ភាពជាដៃគូជាមួយអង្គការ MAG នៅក្នុងឆ្នាំ ២០១៦ បន្តទៀត។
លោក John Bosco នាយករងប្រចាំប្រទេស របស់អង្គការ MAG បានសម្តែងសេចក្តីត្រេកអរ ចំពោះអង្គការ Altadis Foundation សម្រាប់ការផ្តល់ជាថវិកា ដើម្បីគាំទ្រគំរោងទាំងនេះ។ លោកបានបន្តទៀតថា រូបលោកក៏ដូចជា ក្រុមការងាររបស់លោក មានសេចក្តីរីករាយជាខ្លាំង ក្នុងការចូលរួមចំណែក ជួយសហគមន៍ ដើម្បីលើកកំពស់ជីវភាពរស់នៅ តាមរយៈការកាត់បន្ថយការគំរាមកំហែង ពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយនេះ ជាការចូលរួមចំណែក ដ៏ប្រពៃមួយ ក្នុងសកម្មភាពមនុស្សធម៌ ចំពោះសហគមន៍ ដ៏ដូចជាសង្គមជាតិ។
លោកបានសម្តែងនូវការគោរព និងកោតសរសើរចំពោះ អង្គការ Altadis Foundation បុគ្គលិកក្រុមហ៊ុន ហួតត្រាកូ (Huotraco International Limited) ក្រុមការងាររបស់អង្គការ MAG ក៏ដូចជាអាជ្ញាធរដែនដី ដែលតែងតែផ្តល់ការគាំទ្រ សហការ និងបានចូលរួមធ្វើជាសាក្សី នៅក្នុងកម្មវិធីដ៏សំខាន់នេះ៕