(កំពង់ធំ)៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់នៅស្រុកសណ្តាន់ បានយកកាំបិតចាក់អតីតភរិយាជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ហើយស្រ្តីរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឯកជន។ ករណីអំពើហិង្សានេះបានកើតឡើង នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

ស្ត្រីរងគ្រោះឈ្មោះ កួច មួយហៀក អាយុ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានបញ្ជាក់ថា ជនបង្កជាអតីតប្តីមានឈ្មោះ ស្រ៊ុន ពេជ្ររស្មី អាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រចាំការនៅស្រុកសណ្តាន់។

ស្ត្រីរងគ្រោះបានប្រាប់ឱ្យដឹងថា ដំបូងឡើយជនបង្ក ស្រ៊ុន ពេជ្ររស្មី មកឈប់ម៉ូតូមុខតូប ហើយស្រែកសួរថាកូននៅឯណា? នៅជាមួយអ្នកណា? នាងបានប្រាប់ថា កូននៅគេងក្នុងផ្ទះមិនទាន់ក្រោកទេ នៅជាមួយម៉ាក់ (ម្តាយជនរងគ្រោះ), ភ្លាមៗនោះជនបង្កបានទាញកាំបិតមកប្រហារមកលើរូបនាងតែម្តង ដូចមានចេតនាទុកមុន ហើយស្រែកថា ហេតុអីបានជាឱ្យគេចូលបន្ទប់មិនសុំការអនុញ្ញាតពីគេជាមុនសិន។

បច្ចុប្បន្នស្ត្រីរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឯកជនស្រុកសណ្តាន់ ដោយរងរបួសធ្ងន់ចំដៃឆ្វេងពីរកាំបិត ខាងស្តាំពីរកាំបិត និងកញ្ចឹងកមួយកាំបិតផងដែរ។ ដោយឡែកជនបង្កបន្ទាប់ពីធ្វើសកម្មភាពវាយប្រហារ មកលើអតីតប្រពន្ធរួចបានរត់គិតខ្លួនបាត់ស្រមោល។

ជាមួយគ្នានេះ លោកវរសេនីយ៍ត្រី ផុន សុផល ប្រធានការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជាក់នាថ្ងៃទី២៤ ខែឧសភានេះថា ពិតជាមានករណីហិង្សានេះ កើតឡើងក្នុងមូលដ្ឋានស្រុកសណ្តាន់ ប្រាកដមែន ពេលនេះជនបង្កហេតុកំពុងរត់គេចខ្លួនមិនទាន់ចាប់បាននៅឡើយ ហើយកម្លាំងកំពុងតែធ្វើការយ៉ាងយកចិត្តទុក ដើម្បីចាប់ជនបង្កយកមកចំណាត់ការតាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។

គួរបញ្ជាក់ថា ជនបង្ក ស្រ៊ុន ពេជ្យរស្មី រូបនេះតែងតែប្រើអំពើហិង្សាជាញឹកញាប់លើស្រ្តីរងគ្រោះ រហូតមានការលែងលះ៕