(ភ្នំពេញ)៖ លោក ទិត្យ វិច្ឆិកា អតីតតារាចម្រៀងមួយរូប បានប្រាប់ថា នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃ ទី២០ ខែមិនា ឆ្នាំ ២០១៦ ខាងមុខនេះ លោក នឹងដឹកនាំ តារាចម្រៀងជាច្រើនរូប ទៅប្រគំតន្ត្រីមនុស្សធម៌មួយ ក្រោមប្រធាបទ «កម្លាំងទឹកចិត្តសិល្បករខ្មែរជួយខ្មែរ» ក្នុងកម្មវិធីបុណ្យផ្ការស្មីសាមគ្គី រយៈពេល៧ថ្ងៃ ដែលមានទីតាំងស្ថិតនៅ ក្នុង វត្ត ឥន្ទលីបូរណ៍ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីប្រមូលថវិកា ទៅជីកស្រះទឹក ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតំបន់ដាច់ស្រយាល ដែលកំពុងតែខ្វះខាត ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
អណ្ដូងទឹកទាំង៦មានដូចជា ទី១នៅភូមិ កម្មករ ឃុំសំណាញ់ ស្រុក អង្គរជ័យខេត្តកំពត,ទី២នៅភូមិច្រនាងចាស់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ,ទី៣នៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី៤ នៅភូមិច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ,ទី៥ នៅភូមិ បឹងពន់ឃុំ តាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងទី៦ នៅវត្តតាអុក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ។
ជាមួយគ្នានេះ លោក ទិត្យ វិច្ឆិកា បានសុំណូមពរដល់បងប្អូន ដែលរស់នៅទាំងក្នុង និងក្រៅប្រទេស និងបណ្តាលក្រុមហ៊ុននានា មេត្តាជួយឧបត្ថម្ភគាំទ្រ ដល់កម្មវិធីប្រគំតន្ត្រីនេះផង ដើម្បីបានថវិកា ទុកយកទៅជីកស្រះទឹកជូនបងប្អូន ដែលរស់នៅទីតាំងខាងលើ ដែលកំពុងជួបបញ្ហា ខ្វះទឹកនេះ៕