(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញជួបសំណោះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មកចែកជូនគ្រួសារសពចំនួន១២នាក់ ដែលបានពុលស្រាស បណ្តាលឲ្យស្លាប់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែឧសភា កន្លងទៅថ្មីៗនេះ នៅក្នុងឃុំសារិការកែវ ស្រុកល្វាឯម។

នាឱកាសនោះ លោកអភិបាលខេត្តបានថ្លែងនូវការសោកស្តាយ និងបានចូលរួមរំលែកមរណទុក្ខដល់គ្រួសារសព្វ ចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់ និងសូមឧទ្ទិសនូវមហាកុសលដល់វិញ្ញាណខន្ធសពបានដល់សុគតិភព។

ជាពិសេស លោកបានលើកទឹកចិត្ត និងផ្តាំផ្ញើដល់គ្រួសារសពត្រូវរឹងមាំ ខិតខំតធ្វើការងារ និងរកទទួលទាន ដើម្បីលើកស្ទួយជីវភាពគ្រួសារ គ្រប់គ្រងកូនចៅឱ្យបានល្អ ឱ្យកូនៗបានចូលរៀនគ្រប់ៗគ្នា និងត្រូវបន្តរក្សាអនាម័យតាមវិធានសុខាភិបាលដើម្បីជៀសផុតពីជំងឺកូវីដ១៩។

សូមបញ្ជាក់ថា អំណោយដែលប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចែកជូនដល់គ្រួសារសព ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ប្រេងឆា ១ដប មី ១កេស ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស ជែលលាងដៃ១ដប ម៉ាស១០បន្ទះ និងថវិកា ៥០០,០០០រៀល៕