Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

WWF ប្រកាសពីការរកឃើញកូនសត្វផ្សោតទន្លេមេគង្គ ទើបនឹងកើតថ្មី១ក្បាលទៀត

24-05-2021 13:46

(ភ្នំពេញ)៖ អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) ប្រកាសពីការរកឃើញកូនសត្វផ្សោតទន្លេមេគង្គ ទើបនឹងកើតថ្មីមួយក្បាលទៀត។ នេះបើយោងតាមទំព័រហ្វេសបុកបស់អង្គការ អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) នាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។

WWF បានឱ្យដឹងថា កូនសត្វផ្សោតទន្លេមេគង្គទើបនឹងកើតថ្មីមួយក្បាលទៀត ត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុកជាមួយ ក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ នៃរដ្ឋបាលជលផល និងអង្គការ WWF បានបញ្ជាក់ពីកំណើតនៃកូនផ្សោតថ្មី ១ក្បាលនេះ ជាកូនផ្សោតទី៤ ដែលត្រូវបានកត់ត្រាចាប់ពី ខែមករា ដល់ ខែឧសភាឆ្នាំ២០២១នេះ។

WWF បន្ថែមក្រុមអ្នកជំនាញ បានសន្មត់ថាកូនផ្សោតនេះ មានអាយុប្រហែលពីរថ្ងៃក្រោយពេល ដែលក្រុមស្រាវជ្រាវបានប្រទះឃើញវានៅថ្ងៃទី២១ ខែឧសភា ខណៈកូនផ្សោតនេះ កំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួន ១០ក្បាលផ្សេងទៀត នៅក្នុងតំបន់អន្លង់សត្វផ្សោតកាំពី នៃខេត្តក្រចេះ។

កាលពីថ្ងៃទី២១ ខែឧសភា អង្គការ WWF បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ខ្លួន ដើម្បីស្វាគមន៍កំណើតកូនផ្សោតថ្មីទីបី ខណៈអំពាវនាវអំពីភាពចាំបាច់ ក្នុងការរួមសហការគ្នាឱ្យកាន់តែខ្លាំងឡើង ដើម្បីរៀបចំវិធានការអភិរក្ស ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការពារសត្វផ្សោតឱ្យជៀសផុត ពីភាពវិនាសផុតពូជ៕