(ភ្នំពេញ)៖ ឥឡូវនេះ អតិថិជន ក៏ដូចជាសាធារណជនទូទៅនៅទូទាំងកម្ពុជា ដែលមានចម្ងល់អំពីសេវា​ធានារ៉ាប់រងអាយុជីវិត អាចហៅទូរស័ព្ទទៅកាន់​ក្រុមហ៊ុនព្រូដិន​សលកម្ពុជា តាមរយៈលេខទូរស័ព្ទ​ថូលហ្វ្រី (Toll-free)ដែលមានលេខ1800-21-22-23 ដោយមិនអស់ថ្លៃចំណាយហៅទូរស័ព្ទនោះទេ ។ លេខទូរស័ព្ទថូលហ្វ្រីនេះ នឹងបើកបម្រើការជូនអតិថិជនរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់​ថ្ងៃសុក្រ ពីម៉ោង ៨៖០០ព្រឹក រហូតដល់ម៉ោង៥៖៣០ល្ងាច ។

លោកPankaj Banerjee អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុនតែងខិតខំព្យាយាមធ្វើយ៉ាងណា ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជន និងសាធារណជន ក្នុងការទំនាក់​ទំនង​មកកាន់ក្រុមហ៊ុន ។ ការដាក់ឲ្យប្រើប្រាស់នូវលេខថូលហ្វ្រីនេះ គឺជាការបោះជំហានថ្មីមួយទៀត ដែលរឹតតែមានភាពងាយស្រួលបន្ថែមជូនអតិថិជន ដោយក្រុមហ៊ុនជាអ្នក​ទទួលបន្ទុកលើការបង់ថ្លៃ​ហៅទូរស័ព្ទជំនួសអតិថិជន ហើយបើទោះជាទូរស័ព្ទរបស់អតិថិជនពុំមានទឹកប្រាក់ ក៏អាចហៅចេញទៅលេខថូលហ្វ្រីនេះបានដែរ ។

លោក បន្តទៀតថា «យើងជឿជាក់ថា តាមរយៈការដាក់ឲ្យ​ប្រើប្រាស់​សេវាទូរស័ព្ទឥតគិតថ្លៃ យើងបាននឹងកំពុងលើកទឹកចិត្តឲ្យអតិថិជនដែលមានចម្ងល់នានា អំពីសេវាធានារ៉ាប់រង​អាយុជីវិត​ធ្វើការ​ទំនាក់ទំនងមកកាន់ក្រុមហ៊ុនព្រូដិនសលកម្ពុជាដើម្បីទទួលបានការពិគ្រោះយោបល់ត្រឹមត្រូវ ក៏ដូចជាទទួលបាន​នូវការយល់ដឹងបន្ថែម​ទៀតអំពីសេវា​ធានារ៉ាប់រង​អាយុជីវិត»

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានដាក់ឲ្យប្រើប្រាស់នូវ លេខថូលហ្រ្វីថ្មីនេះ អមជាមួយនឹងលេខទំនាក់ទំនងបច្ចុប្បន្ន (023 964 222) សម្រាប់ទទួលការហៅចូលពីអតិថិជន។ សម្រាប់លេខ​ទំនាក់ទំនងបច្ចុប្បន្ន (023 964 222) នឹងត្រូវដាក់បន្តឲ្យប្រើប្រាស់ជាធម្មតា សម្រាប់ទទួលការហៅចូលពីអតិថិជនពីគ្រប់ទិសទីជុំវិញពិភពលោក ដូចរយៈកាលកន្លងមក ក៏ប៉ុន្តែអតិថិជនដែល​ហៅចូលលេខ​មួយនេះ នឹងត្រូវចំណាយលើថ្លៃហៅទូរស័ព្ទតាមអត្រាធម្មតា ។

ដូចគ្នាទៅនឹងលេខទំនាក់ទំនងបច្ចុប្បន្នដែរ, លេខថូលហ្វ្រីបានត្រូវតភ្ជាប់ទៅនឹងប្រព័ន្ធផ្តល់ព័ត៌មានអតិថិជន។ នៅពេលអតិថិជនបច្ចុប្បន្នរបស់យើង​ហៅទូរស័ព្ទចូលដោយប្រើប្រាស់​លេខទូរស័ព្ទ​ដែល​ពួក​គាត់​ធ្លាប់បានផ្តល់ឲ្យ ក្រុមហ៊ុន, នោះព័ត៌មានលម្អិតរបស់អតិថិជននឹងបង្ហាញនៅលើអេក្រង់កុំព្យូទ័ររបស់បុគ្គលិក ផ្នែកទំនាក់ទំនងអតិថិជន ដោយស្វ័យប្រវត្តិ នេះជាកត្តាមួយ​ដែលជួយសន្សំ​ពេលវេលាដ៏មានតម្លៃរបស់អតិថិជន ៕