(កោះកុង)៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឺង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្នុងស្រុកស្រែអំបិល ត្រូវបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៧នាក់ គឺគេជាកម្មករបម្រើការងារនៅរោងចក្រផលិតចំណីសត្វ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរីរាលនៃជំងឺកូវិដ១៩ ជាសហគមន៍ហើយ។ តាមការស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យ មន្ត្រីមន្ទីរសុខាភិបាលខេត្ត ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ខេត្តកោះកុង ដែលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវទៅធ្វើតេស្តរហ័ស និងយកសំណាក់ទៅធ្វើតេស្តនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ ជាលទ្ធផលរយៈពេល២ថ្ងៃនេះ ករណីវិជ្ជមានជំងឺកូវីដ១៩ មានជាតួលេខការធ្វើតេស្តមានចំនួន៣៧នាក់ ស្ថិតភូមិចំនួន៥ ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង»។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ដោយសារមានករណីរកឃើញវិជ្ជមានកូវីដ១៩ ពីមន្ទីរពិសោធន៍ក្រសួងមានអត្រាខ្ពស់ក្នុងស្រុកស្រែអំបិល អាជ្ញាធរខេត្តបានប្រជុំពិភាក្សារកដំណោះស្រាយ ដើម្បីកុំឱ្យមានរីករាលដាលបន្ត រហូតអាជ្ញាធរខេត្តបានសម្រេចបិតខ្ទប់ភូមិចំនួន៥ មិនឱ្យបងប្អូនធ្វើដំណើរឆ្លងកាត់ចេញចូលឡើយ។
លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា៖ «ប្រពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩នេះ គឺពួកជាកម្មករបម្រើការក្នុងរោងចក្រចំណីសត្វ១ ដែលមានទីតាំងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលពួលគាត់បានទៅបម្រើការងារនៅទីនោះ រាល់ថ្ងៃដោយមានរយន្តដឹងទៅព្រឹកល្ងាច»។
ក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត សូមអំពាវរនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ហើយត្រូវអនុវត្តន៍ឱ្យបាននូវអនុសាសន៍របស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» និងអនុវត្តន៍តាមការ ផ្សព្វផ្សាយណែនាំ អប់រំរបស់ក្រសួងសុខាភិបាល ត្រូវនៅគម្លាតពីគ្នា១.៥០ម៉ែត្រ ពាក់ម៉ាសឱ្យបានជានិច្ចថែរក្សាសុខភាពមានអនាម័យល្អ លាងដៃនិងសាប៊ូ ឬជេល និងអាកុល ហើយត្រូវនៅក្នុងផ្ទះជានិច្ចបើមិនមានភាពចាំបាច់ មិនត្រូវចេញក្រៅឡើយ ហើយបើមានបញ្ហាសុខភាពខុសពីប្រក្រតីត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពិភាក្សាពិគ្រោះយោបល់ជាមួយក្រុមលោកគ្រូពេទ្យដើម្បីបានទទួលព័ត៌មាន និងការណែនាំពីក្រុមលោកគ្រូពេទ្យវិញ៕