(ព្រៃវែង)៖ ដើម្បីរួមចំណែកចូលរួម សង្គ្រោះជនរងគ្រោះទាំងឡាយណា ដែលត្រូវការឈាមជាចាំបាច់នោះ និងតបតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល លើបញ្ហាសង្គមមួយនេះ តំណាងរាស្រ្តវ័យក្មេងមណ្ឌលព្រៃវែង គណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាព សហព័ន្ធយុវជនខេត្តព្រៃវែង លោក ស សុខា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមសមាជិកសមាជិកា និងលោកគ្រូ អ្នកគ្រូ សិស្សចំនួន៣០០នាក់ ទៅចូលរួមបរិច្ចាគឈាម ដែលធ្វើឡើងនៅក្នុងវិទ្យាល័យ «ប្រមូលព្រហ្ម» ស្រុកព្រះស្តេច ខេត្តព្រៃវែង។ កម្មវិធីបរិច្ចាគឈាមនាព្រឹកមិញ បានធ្វើឡើងក្រោមពាក្យស្លោក «ឈាម១ផ្លោក មិនត្រឹមតែសង្គ្រោះជីវិត១នាក់ គឺរួមចំណែករក្សាឲ្យធនធានមនុស្ស ក្នុងសង្គមជាតិទាំងមូល»។
លោក ស សុខា បានថ្លែងនៅក្នុងពិធីនោះថា «តាមគ្រូពេទ្យ មនុស្សប្រុសអាចធ្វើការផ្តល់ឈាមក្នុងពេល៣ខែម្តង ហើយស្ត្រីអាចផ្តល់ឈាមក្នុងពេល៦ខែម្តង សូមចូលរួមផ្តល់ឈាមទាំងអស់គ្នា ដើម្បីសង្គោះជិវិតទាំងអស់គ្នា»។
លោក ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានចូលរួមនៅក្នុងពិធីនេះ បានឲ្យដឹងថា «ឈាមយកទៅនេះមិនមានការលក់ដូរទេ ការបរិច្ចាគឈាមមិនមានផលប៉ះពាល់ដល់សុខភាពទេ យើងអាចដឹងពីប្រភេទឈាមរបស់យើង ឈាមរបស់ប្អូនអាចជួយសង្រ្គោះប្រជាជន និងបងប្អូនរបស់យើងក្នុងសហគមរបស់យើង»៕