(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បាននាំនូវថវិកាសប្បុរសធម៌ ចំនួន ៩,០០០,០០០រៀល ប្រគល់ជូន លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានថ្លែងថា នេះកាយវិការដ៏ល្អនៃកម្លាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ លើការងារមនុស្សពិតជាទឹកចិត្តដ៏ប្រពៃប្រកបដោយ មនោសញ្ចេតនាជ្រាលជ្រៅ ចំពោះជនរងគ្រោះ ជនគ្មានទីពឹង ជនជួបការលំបាក និងស្ត្រីមេម៉ាយ ក្មេងកំព្រា។ល។ ជាងនេះទៀត កម្លាំងកងរាជអាវុធហត្ថ បានចូលរួមចំណែកការពារសន្តិសុខ និងសុវត្តិភាពយ៉ាងសំខាន់ជូនចំពោះ ប្រជាជន និងប្រទេសជាតិយ៉ាងសកម្ម។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា បន្ទាប់ភារកិច្ច បង្ការ បង្ក្រាប សង្គ្រោះ កម្លាំងបានបន្តចូលរួមចំណែកបន្ថែមលើកិច្ចការមនុស្សធម៌ ដែលជាកត្តាចាំបាច់បន្ទាប់ពីការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលសកលលោកកំពុងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។
លោកមេបញ្ជាការបានបន្ថែមថា សូមឲ្យកងកម្លាំងទាំងមានចិត្តចូលរួមចំពោះការងារមនុស្សធម៌តាមសទ្ធាជ្រះថ្លា ដើម្បីជួយសម្រាលទុក្ខធុរៈចំពោះជនទុគ៌ត ស្រ្តីមេម៉ាយ និងកុមារកំព្រា៕