(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋជាង ១ពាន់គ្រួសារនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ពិធីព្យាបាលជំងឺដោយឥតគិតថ្លៃនាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០១៦នេះ ធ្វើឡើងនៅក្នុងអនុវិទ្យាល័យ និងសាលាបឋមសិក្សាស្វាយប្រហូត។
លោកស្រី ម៉ែន សំអន បានថ្លែងកោតសរសើរ និង អរគុណ ចំពោះក្រុមគ្រូពេទ្យមកពីសមាគមគ្រូពេទ្យស្ម័គ្រកម្ពុជា ដែលមានលោក ហ៊ុន ម៉ាណែត ជាប្រធាន បានចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។ លោកស្រី ម៉ែន សំអន បន្តថា សុខភាពរបស់ប្រជាពលរដ្ឋជាគ្រឹះ និងជាធាតុផ្សំមួយ ដែលមានតំលៃមិនអាចកាត់ថ្លៃបានសម្រាប់អភិវឌ្ឃប្រទេសជាតិ ហើយសុខភាពពិតជាមានតម្លៃ ជាងមាសពេជ្រទៅទៀត ព្រោះពលរដ្ឋមានសុខភាពល្អ ទើបក្រុមគ្រួសារ និងសង្គមជាតិ មានសុភមង្គល និងវឌ្ឃនភាព។
លោកស្រី បានបន្ថែមដូច្នេះ «ដោយហេតុនេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនដែលជាមគ្គុទេសដ៏ឆ្នើម បានដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១ ទី២ និងទី៣ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា លើគ្រប់វិស័យ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។ ទន្ទឹមនិងនោះ ការលើកកម្ពស់ការផ្ដល់សេវាសុខភាពសាធា រណៈជូនប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រស្ត្រី និងកុមា ត្រូវបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាល២០០៨-២០១៥ ដោយជាលទ្ធផលរដ្ឋភិបាលសម្រេចបានសមិទ្ធិផល ដ៏ធំធេងដូចជាការបញ្ចប់សង្គ្រាម និងទទួលបានសុខសន្តិភាព»៕