(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញចុះពិនិត្យទីតាំងសង្គ្រោះបន្ទាន់ សម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានចំនួន៥០គ្រែ នៅមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ការបន្ថែមទីតាំងសង្គ្រោះបន្ទាន់ សម្រាប់អ្នកជំងឺកូវីដ១៩នេះ គឺជាការប្រតិបត្ដិនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា គឺការពង្រីកនូវសេវាសង្គ្រោះបន្ទាន់ សម្រាប់អ្នកជំងឺដែលធ្ងន់ធ្ងរ នៅតាមមន្ទីរពេទ្យរដ្ឋ នៅទូទាំងរាជធានីខេត្ដ»។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ទៀតថា «ក្រោមការខិតខំប្រឹងប្រែងរបស់នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកបានរៀបចំកន្លែងសង្គ្រោះបន្ទាន់រួចរាល់ហើយចំនួន ៥០គ្រែ ដើម្បីត្រៀមសម្រាប់សង្គ្រោះអ្នកជំងឺកូវីដធ្ងន់ធ្ងរ។ ការត្រៀមលក្ខណៈជាស្រេចនេះ នឹងអាចផ្ដល់សេវាជូនពលរដ្ឋយើង ឱ្យបានកាន់តែរហ័ស និងសុវត្ថិភាព»។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្ដរួមគ្នា អនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងរឹងមាំ ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវ ៣ការពារ ៣កុំ បូកនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបើមិនចាំបាច់កុំចេញពីផ្ទះ។
លើសពីនោះ ដោយនៅរាជាជធានីភ្នំពេញ បានបិទបញ្ចប់ការបិទខ្ទប់ និងដំណើរការអាជីវកម្មមួយចំនួនវិញជាបន្ទាប់បន្ដ ជាពិសេសការបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះតទៅ សូមពលរដ្ឋយើង ត្រូវប្រុងប្រយ័ត្ន ដោយត្រៀមជាស្រេចពីវិធានការពារពីជំងឺកូវីដ១៩ កុំឱ្យមានការចម្លង ឬផ្ទុះខ្លាំងម្ដងទៀត។ បើសិនជាខ្លួនមានការសង្ស័យ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ សូមកុំទៅផ្សារនៅផ្ទះ និងត្រូវប្រញាប់ធ្វើតេស្ដកូវីដ១៩៕