(ភ្នំពេញ)៖ កម្លាំងនគរបាលចរាចរណ៍ បានឃាត់ខ្លួនអ្នកបើកបរស្រវឹងចំនួន២នាក់បន្ថែមទៀតហើយ បន្ទាប់ពីរកឃើញថា ពួកគេមានផ្ទុកជាតិអាល់កុលក្នុងខ្លួនធ្ងន់ធរ ហើយនៅតែបន្តបើកបរយានយន្តទៀត ដោយមិនគិតពីគ្រោះថ្នាក់ នេះបើតាមរបាយការណ៍របស់សមត្ថកិច្ចដែល Fresh News ទទួលបាន។
របាយការណ៍លទ្ធផលនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង យប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា យានយន្តដែលបានធ្វើការត្រួតពិនិត្យមានចំនួន១០៩៨គ្រឿង (ម៉ូតូចំនួន៦០៨គ្រឿង និងរថយន្ត៤៩០គ្រឿង) យានយន្តដែលបានចេញប័ណ្ណពិន័យបទល្មើសចំនួន២៧៨គ្រឿង (ម៉ូតូ២១២គ្រឿង និងរថយន្ត៦៦គ្រឿង) អប់រំអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងក្រោម០.២៥ មីលីក្រាម ចំនួន១៨នាក់ (ម៉ូតូចំនួន១៥ នាក់ និងរថយន្តចំនួន៣នាក់) និងពិន័យអ្នកបើកបរ ដែលមានអត្រាជាតិស្រវឹងចាប់ពី០.២៥ ដល់០.៣៩មីលីក្រាម ៣នាក់ ដែលសុទ្ធសឹងជាអ្នកបើករថយន្ត។
លើសពីនេះទៅទៀតនោះ កម្លាំងនគរបាលចរាចរណ៍ បានឃាត់អ្នកបើកបរស្រវឹងចំនួន២នាក់ ដែលជាអ្នកបើកបរម៉ូតូ ដោយម្នាក់ស្ថិតក្នុងកម្រិតជាតិអាល់កុល ០.៨៥MgL /ខ្យល់ ខណៈម្នាក់ទៀតមិនផ្លុំ (ស្ថិតក្នុងភាពស្រវឹង)។
គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេល៣៧លើក បានឃាត់អ្នកបើកបរយានយន្តចំនួន២៧០នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន៦៣នាក់ និងអ្នកបើកបរម៉ូតូចំនួន២០៧នាក់៕