(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យ បានសហការគ្នាជួយសង្គ្រោះពលករខ្មែរ ១៩នាក់ ដែលត្រូវមេខ្យល់ ២នាក់ នាំឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ដោយធានាថានឹងជួយនាំឆ្លងដែនទៅថៃដោយសុវត្ថិភាព។
សមត្ថកិច្ចបានប្រទះឃើញពលករ និងមេខ្យល់កំពុងឆ្លងដែនខុសច្បាប់ខាងលើ នាវេលាម៉ោង ២ រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ក្នុងព្រៃឫស្សីមួយក្នុងភូមិសាស្ត្រ ភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយពលករទាំងនោះមានគ្នា ១៩នាក់ (ស្រី ៨នាក់) ចំណែកមេខ្យល់មានគ្នា ២នាក់។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានរកឃើញថា មេខ្យល់ទាំងពីរនាក់នេះ ម្នាក់មានឈ្មោះ ម៉ៅ ដែ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិប្រសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតឈ្មោះ ពៅ បូរី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ មេខ្យល់ទាំងនេះត្រូវបញ្ជូនមកស្នងការខេត្តបន្ទាយមានជ័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមច្បាប់។
ចំណែកពលករទាំង ១៩នាក់ ត្រូវបានបញ្ជូនឲ្យក្រុមការងារចម្រុះមណ្ឌលសុំចតប្រចាំការនៅច្រកអូរបីជាន់ ដើម្បីត្រួតពិនិត្យ និងធ្វើចត្តាឡីស័កឲ្យបានគ្រប់ ១៤ថ្ងៃ ទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូបត្រូវប្រុងប្រយ័ត្ន កុំចាញ់បោកមេខ្យល់បោកយកទៅលក់ក្នុងប្រទេសថៃ ដោយសន្យាថានឹងរកការងារឲ្យធ្វើ តាមរយៈមេខ្យល់ ខណៈពេលបច្ចុប្បន្ននេះ សមត្ថកិច្ចកម្ពុជា និងថៃ កំពុងតែរឹតបន្តឹងតាមច្រករបៀងយ៉ាងតឹងតែង ពុំឱ្យពលករណាម្នាក់ចេញចូលក្នុទឹកដីថៃ ដោយខុសច្បាប់បាននោះទេ ម្យ៉ាងទៀតក៏ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ផងដែរ៕