(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
អ្នកកេីតកូវីដ១៩ ទាំង៣នាក់នេះរួមមាន៖
១៖ ឈ្មោះ នៅ គង់ណាវីន ភេទស្រី អាយុ១១ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ត្រូវជាចៅរបស់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ នួន ហាន់។
២៖ ឈ្មោះ ហង្ស រ៉ង ភេទប្រុស អាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកដល់ខេត្តសៀមរាប ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
៣៖ ឈ្មោះ សែន លីវ័ន្ត ភេទស្រី អាយុ២៤ឆ្នាំ មានអាសយដ្ឋាននៅភូមិក្បាលស្ពានII សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជាភរិយារបស់ឈ្មោះ ហង្ស រ៉ង។
រដ្ឋបាលខេត្ត បានឱ្យដឹងដែរថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៥នាក់ បន្ថែមទៀតផងដែរ។ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៥នាក់ បានព្យាបាលជាសះស្បេីយចំនួន៤៩នាក់ ស្លាប់២នាក់ និង៤៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រដ្ឋបាលខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្ដន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕