(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នឹងអញ្ជើញដឹកនាំគណៈប្រតិភូសមាជិករដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំទេ្វភាគីជាមួយសមាជិកសភាតំណាងប្រជាជនចិនទូទាំងប្រទេសតាមរយៈប្រព័ន្ធប្រជុំ Zoom នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ នេះបើយោងតាមការបង្ហោះជាបន្តបន្ទាប់លើទំព័រហ៊្វេសបុកគណៈកម្មការទី៧ អំពីដំណើរការរៀបចំត្រៀមឈានឆ្ពោះទៅកាន់កិច្ចប្រជុំ។

តាមរយៈខ្លឹមសារនៃការបង្ហោះដដែល ក៏បានបង្ហាញពីប្រធានបទបីសំខាន់ៗ ដែលត្រូវបានកំណត់សម្រាប់កិច្ចប្រជុំក្នុងនោះរួមមាន៖

ប្រធានបទទី១៖ «ការលើកកម្ពស់សន្តិភាព, ការអភិវឌ្ឍសេដ្ឋកិច្ច, ការរក្សាពហុភាគីនិយម និងការកសាងវិបុលភាពសម្រាប់មនុស្សជាតិ តាមរយៈការបន្តគាំទ្រគ្នា និងសហការគ្នាលើគ្រប់ទិដ្ឋភាព ក្នុងដំណាក់កាល និងក្រោយការរីកដាលនៃជំងឺកូវីដ១៩»

ប្រធានបទទី២៖ «ការកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសង្គមដោយជំងឺកូវីដ១៩ និងការលើកកម្ពស់នូវភាពធន់ក្រោយការរាតត្បាតជាសកលនៃជំងឺនេះ បទពិសោធន៍ និងទស្សនទាន»

ប្រធានបទទី៣៖ «ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភាចិន-កម្ពុជា ជាពិសេសទំនាក់ទំនងនៃសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ ឆ្ពោះទៅកាន់ការពង្រឹងនីតិរដ្ឋ»

សូមជម្រាបថា កិច្ចប្រជុំទ្វេភាគីរវាងសមាជិកសភាវ័យក្មេងកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូនេះ ប្រព្រឹត្តទៅក្នុងគោលដៅបន្តស្មារតីនៃលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាង សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ចាន់ស៊ូ ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ។

តាមរយៈកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំសភា នៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចប្រជុំទ្វេភាគីរវាងសមាជិកសភាវ័យក្មេងកម្ពុជា-ចិនខាងមុខនេះ គឺជាការសបញ្ជាក់ពីការបន្តរក្សាចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន ទាំងផ្នែកនីតិបញ្ញាតិ និងនីតិប្រតិបត្តិ ជាពិសេសក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់សមាជិក នៃរដ្ឋសភាកម្ពុជា បើទោះឋិតក្នុងស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ ក៏នៅតែបន្តបំពេញការងារយ៉ាងសស្រាកសស្រាំដើម្បីសម្រេចលើកិច្ចការចាំបាច់នានា ដែលបម្រើប្រយោជន៍រួមសម្រាប់ប្រទេសជាតិ និងប្រជាជន៕