(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលគេស្គាល់ថា ជាសេដ្ឋីអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីឈ្មោះនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Worldbridge Group បានលើកឡើងថា ក្នុងវិបត្ដិកូវីដ-១៩ អ្នកវិនិយោគដែលមានការខ្វះខាត មិនគួរណាយកកម្ចីទាំងស្រុង ដើម្បីធ្វើការវិនិយោគ លើវិស័យអចលនទ្រព្យនោះទេ។
អ្នកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើយើងយល់ឃើញថា ក្នុងវិបត្តិកូវីដ១៩ យើងជាអ្នកវិនិយោគនាំគ្នាទិញផ្ទះ ដោយមិនគិតគូរ អំពីការវិនិយោគ នៅពេលដែលកូវីដ១៩ ចប់ គឺយើងទេ ដែលជាអ្នកជួបបញ្ហា ដូច្នេះត្រូវគ្រប់គ្រងផ្នែកហិរញ្ញវត្ថុខ្លួនឯងសិន មុននឹងធ្វើការវិនិយោគ»។
អ្នកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងថា បញ្ហាជាឱកាស ប្រសិនបើយើង ឬប្រជាជនជាអតិថិជនទាំងអស់ ដែលគាត់មានប្រាក់សន្សំ គាត់សល់លុយ ដែលអាចគ្រប់គ្រង ស្ថានភាពរបស់ខ្លួនបាន គាត់គួរសម្លឹងទៅលើវិស័យអចលនទ្រព្យ និងវិនិយោគ ទៅលើវិស័យអចលនទ្រព្យ។
អ្នកឧកញ៉ា បានថ្លែងថា ការវិនិយោគអចលនទ្រព្យ មិនដែលធ្លាក់ចុះទេ រឿងតម្លៃ ដីមិនចេះលូតលាស់ តែមនុស្សទេ ដែលអាចមានកំណើន ដូច្នេះប្រសិន បើមានគួរតែវិនិយោគ លើវិស័យអចលនទ្រព្យនេះ។
អ្នកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ថា «ទន្ទឹមនឹងវិស័យអចលនទ្រព្យ មានភាពល្អប្រសើរក៏ពិតមែន តែចំពោះអ្នកដែលមិនមានធនធានគ្រប់គ្រាន់ សូមកុំខ្ចីធនាគារក្នុងការទិញ ព្រោះវាជាកាតព្វកិច្ច ដែលត្រូវរកចំណូល ដើម្បីសងធនាគារ។ ប្រសិនបើយើងសល់លុយ ដែលយើងអាចវិនិយោគលើវិស័យអចលនទ្រព្យបាន តូច ឬធំ មិនសំខាន់ គឺសំខាន់យើងមានលុយ សម្រាប់បង់បណ្ដាក់ឲ្យគេ ក្នុងការដែលយើងអាចជាវបាន»។
អ្នកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់ថា សរុបមកវិញការវិនិយោគទៅវិស័យអចលនទ្រព្យ គឺជាវិស័យមួយ ដែលនាពេលអនាគត នឹងមានកំណើនសម្រាប់អ្នកវិនិយោគ។
អ្នកឧកញ៉ា បានលើកជាឧទាហរណ៍ជាក់ស្ដែងថា ពីមុនអ្នកទិញដី ឬផ្ទះ គឺទិញដំបូងពីផ្ទះនៅកណ្ដាលក្រុង បន្ទាប់មកមានភាពរំកិលបន្ដិចម្ដងៗ ឆ្ងាយបន្តិចម្ដងៗ កត្តានេះ បញ្ជាក់ថា កំណើនរបស់ប្រជាជន មានការកើនឡើង ដូច្នេះប្រសិនបើអ្នកវិនិយោគចង់ទិញផ្ទះ នៅកណ្ដាលក្រុងភ្នំពេញ នាពេលឥលូវនេះ គឺតម្លៃរាប់លានដុល្លារ។
ចំណែកនៅបុរីនៅជាយក្រុងវិញ ក៏មិនមានតម្លៃថោកទៀតដែល ដូច្នេះទម្រាំ៥ឆ្នាំ ទៅ១០ឆ្នាំក្រោយ តើត្រូវមានការរីក ទៅដល់ណា នេះដោយសារតែកំណើន ប្រជាជនផងដែរ។ នេះជាការគូសបញ្ជាក់បន្ថែម របស់អ្នកឧកញ៉ា សៀ ឫទ្ធី។
អ្នកឧកញ៉ា បន្តថា ដូច្នេះប្រសិនបើអ្នកវិនិយោគទិញផ្ទះ ក្នុងតំបន់មួយតម្លៃ៤ម៉ឺនដុល្លារ លោកមើលឃើញថា ៣ឆ្នាំ ទៅ៤ឆ្នាំក្រោយ គឺតម្លៃដែលអ្នកវិនិយោគទិញ តម្លៃ៤ម៉ឺនដុល្លារនោះ នឹងកើនឡើងមិនក្រោមតម្លៃ១០ម៉ឺនដុល្លារនោះទេ។
ទោះបីជាយ៉ាងនេះក្ដី ក៏លោកសូមផ្ដាំផ្ញើ ដល់អ្នកវិនិយោគទាំងអស់ កុំចងការពីធនាគារទាំងអស់ ដើម្បីយកមកទិញអចលនវត្ថុ ព្រោះបើទិញ គឺត្រូវតែមានកាតព្វកិច្ច ក្នុងការសងត្រឡប់ទៅធនាគារវិញ។ ត្រូវសិក្សាពីចំណូលរបស់ខ្លួន មានសមត្ថភាពប៉ុន្មានក្នុងការជាវ ហើយគួរខ្ចីធនាគារប៉ុន្មាន ដែលខ្លួនអាចបង់វិញបាន។
ជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានរំលឹកថា អ្នកវិនិយោគទាំងអស់ ត្រូវចេះធ្វើផ្នែកហិរញ្ញវត្ថុប្រចាំខ្លួនឯង ឬប្រចាំគ្រួសារខ្លួនឯង ឲ្យបានច្បាស់ វានឹងធ្វើឲ្យសេដ្ឋកិច្ច មានកម្លាំង និងភាពរឹងមាំ តែបើម្នាក់ៗជំពាក់លុយធនាគារ ហើយគ្មានលុយសម្រាប់បង់ទៅធនាគារនោះ នឹងធ្វើឲ្យសេដ្ឋកិច្ចជួបវិបត្តិ៕