(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋចំនួន ២២នាក់ទៀត ក្រោយមានការពាក់ព័ន្ធជាមួយបុរសម្នាក់ជាកម្មកររោងចក្រធ្វើចំណីសត្វ អាយ តាវ ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សេចក្ដីជូនដំណឹងបានឱ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ លើបុរសជនជាតិខ្មែរ ឈ្មោះ ម៉ន សុម៉េង អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រធ្វើចំណីសត្វ អាយ តាវ ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលធ្លាប់មានប្រវត្តិធ្វើដំណើរពីកន្លែងធ្វើការមកលំនៅដ្ឋាន ដើម្បីចូលរួមពិធីបុណ្យសពសាច់ញាតិក្នុងភូមិខ្លុង ឃុំស្រែអំបិល រយៈពេល៣ថ្ងៃ នៅថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២១ និងបានត្រឡប់ទៅកន្លែងធ្វើការវិញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ តាមមធ្យោបាយរថយន្តដឹកកម្មករម៉ាកសាំងយ៉ុង ពាក់ផ្លាកលេខ ភ្នំពេញ 2Z-6562។

ក្រោយពីការសាកសួរព័ត៌មានពីបុរសខាងលើ ក្រុមការងារឆ្លើយតបបន្ទាន់ជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តកោះកុង បានកំណត់នូវបុគ្គលប៉ះពាល់ផ្ទាល់ និងបានធ្វើតេស្តរហ័ស (Rapid Test) ដោយទទួលលទ្ធផលវិភាគវិជ្ជមានកូវីដ-១៩ លើអ្នកពាក់ព័ន្ធចំនួន ២២នាក់។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង៖