(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា សុខសន្តិភាព ដែលកំពុងគ្របដណ្តប់ពាសពេញផ្ទៃប្រទេសនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា មានឱកាសអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនជាបន្តបន្ទាប់បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសបានជួយឲ្យពលរដ្ឋខ្មែរធ្លាប់លំបាកវេទនាក្នុងភ្លើងសង្រ្គាម បានសប្បាយរីករាយគ្រប់ក្រុមគ្រួសារទាំងនៅទីក្រុង និងជនបទ។
ការគូសបញ្ជាក់ពីសារប្រយោជន៍ នៃសុខសន្តិភាពនាំឲ្យជាតិរីកចម្រើន និងប្រជាពលរដ្ឋមានភាពសុខដុមរបស់លោក វង សូត បានធ្វើឡើងក្នុងឱកាស ដែលរូបលោកអញ្ជើញចូលរួមបុណ្យឆ្លងឧបដ្ឋានសាលានៅវត្តទួលព្រះពន្លា ស្ថិតនៅឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ។
បើតាមអភិបាលស្រុកពញាក្រែក លោក ឡុង ធាម ឧបដ្ឋានសាលានេះធ្វើពីបេតុងដំបូលប្រក់ក្បឿង ទំហំ ១៦ម៉ែត្រ គុណ ៣៥ម៉ែត្រ បានចាប់ផ្តើមសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ២០១២ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅខែវិច្ឆិកា ឆ្នាំ២០១៥ ដោយចំណាយថវិកាសរុប ១១២,២៧៥ដុល្លារអាមេរិក។
លោក ឡុង ធាម ក៏បានឲ្យដឹងផងដែរថា វត្តទួលព្រះពន្លានេះ មានអាយុកាល ៨៣ឆ្នាំមកហើយ ហើយក៏បានរងការបំផ្លិចបំផ្លាញយ៉ាងដំណាំផងដែរនៅក្នុងរបបប៉ុលពត។ វត្តត្រូវបានរៀបចំកែលំអរឡើងវិញ បន្ទាប់ពីរបបប៉ុលពត ត្រូវបានវាយផ្តួលរំលំ។
លោក វង សូត បានថ្លែងនៅក្នុងឱកាសនោះថា សន្តិភាព ដែលបានគ្របដណ្តប់លើប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បានធ្វើឲ្យកម្ពុជា កំពុងរីកចម្រើនលូតលាស់ទៅមុខឥតឈប់ឈរទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ជាក់ស្តែងទួលព្រះពន្លា ក្នុងសម័យ ប៉ុល ពត ត្រូវបានពួកវាបំផ្លិចបំផ្លាញស្ទើរគ្មានសល់អ្វីនោះឡើយ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទចំណុះជើងវត្ត បានចាប់ផ្តើមកសាង ជាបណ្តើរៗ ហើយចុងក្រោយនេះមានសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តើមកសាងសមិទ្ធផលនានាឡើងវិញ។
លោករដ្ឋមន្រ្តី បានលើកឡើងទៀតថា សម្រាប់សមិទ្ធផល ដែលបានកើតឡើងជាហូរនៅតាម មូលដ្ឋាននេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយបានជំរុញការអភិវឌ្ឍ ជាហូរហែ មិនថាវិស័យអាណាចក្រ ឬពុទ្ធចក្រនោះឡើយ ព្រោះវិស័យទាំងពីរនេះត្រូវដើរទន្ទឹមគ្នា ទើបជំរុញឲ្យប្រទេសជាតិមានការរីចម្រើន៕