(កណ្ដាល)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ នៃខេត្តកណ្ដាល បានឧបត្ថម្ភថវិកា និងសម្ភារបរិក្ខាពេទ្យមួយចំនួន ដល់ក្រុមគ្រូពេទ្យប្រចាំការិយាល័យសុខាភិបាលស្រុកពញាឮ សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសគឺប្រើប្រាស់ក្នុងពេលយកសំណាកទៅធ្វើតេស្ត។

ថវិកា និងសម្ភារបរិក្ខាពេទ្យខាងលើនេះ ត្រូវបាននាំយកទៅប្រគល់ជូនក្រុមគ្រូពេទ្យនៅការិយាល័យសុខាភិបាលស្រុកពញាឮ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ តាមរយៈតំណាងរបស់លោក លឹម គានហោ ដែលក្នុងនោះមានដូចជា ឧបករណ៍តេស្តរហ័ស Panbio Covid-19 Ag Rapid Test Device, អាល់កុល, ម៉ាស់ N95, ស្រោមដៃ, របាំងមុខ, វ៉ែនតា, មួក, ស្រោមជើង និងខោអាវយកសំណាកសម្រាប់ចុះយកសំណាក។

គួរជម្រាបថា ចាប់តាំងពីមានការប៉ះពាល់ធ្ងន់ធ្ងរនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបង្កឡើងដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តផ្សេងៗ និងនៅក្នុងស្រុកពញាឮ សរុបប្រមាណជាង ៥ ពាន់នាក់ ត្រូវបានធ្វើតេស្ត និងដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទេពប្រណម និងអគារវប្បធម៌ស៊ុយសុផាន និងមួយចំនួនត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ។

ជាមួយគ្នានេះ ទីតាំងសាលាបឋមសិក្សាអដ្ឋរស្ស ស្ថិតក្នុងឃុំផ្សារដែក ដែលជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល បច្ចុប្បន្នបាននិងកំពុងទទួលព្យាបាលអ្នកជំងឺចំនួន ៧២នាក់ (ជាសះស្បើយចំនួន ១៤នាក់)។

ដោយឃើញនូវកំណើននៃអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងស្រុកពញាឮ នៅតែបន្តមានការកើនឡើង និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់ផ្តាច់ការចម្លងក្នុងសហគមន៍ឲ្យបានឆាប់រហ័ស លោករដ្ឋមន្រ្តី លឹម គានហោ បានចាត់ឲ្យលោកអភិបាលស្រុកពញាឮ រៀបចំគ្រូពេទ្យមួយក្រុមបន្ថែមទៀត ដែលសព្វថ្ងៃកំពុងបម្រើការងារនៅការិយាល័យសុខាភិបាលស្រុកស្រាប់ ហើយមានការយល់ដឹងពីបញ្ហាកូវីដ-១៩ ចុះយកសំណាកធ្វើតេស្តអ្នកពាក់ព័ន្ធទាំងអស់ តាមរយៈឧបករណ៍តេស្តរហ័ស ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងកាត់ផ្តាច់ការចម្លងក្នុងសហគមន៍ដែលកំពុងរីករាលដាលកាន់តែច្រើន។

លោករដ្ឋមន្រ្តីនឹងបន្តឧបត្ថម្ភទាំងថវិកា និងសម្ភារបរិក្ខាពេទ្យជារៀងរាល់ខែ ដល់ក្រុមគ្រូពេទ្យដែលមានការយល់ដឹងពីបញ្ហាកូវីដ-១៩ ប្រចាំស្រុកពញាឮ រហូតដល់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់៕