(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចដាក់ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ជា «តំបន់លឿង» ជាមួយការហាមធ្វើដំណើរពេលយប់ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ លើកលែងតែការធ្វើដំណើរចាំបាច់មួយចំនួន។
ក្នុងសេចក្តីសម្រេចនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា ការកំណត់ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ជា «តំបន់លឿង» មានរយៈពេលពីរសប្តាហ៍ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៤ ខែឧសភា ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។
ជាមួយការកំណត់ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ជា «តំបន់លឿង» នេះ សកម្មភាពមួយចំនួនត្រូវបានរឹតត្បិត។ បើតាមសេចក្តីសម្រេចនេះ ការជួបជុំ ឬការប្រមូលផ្តុំជាលក្ខណៈឯកជន ត្រូវបានហាមឃាត់ លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា។
ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់, ផ្ទាកការធ្វើដំណើរពេលយប់ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ លើកលែងករណីចាំបាច់មួយចំនួន។
ក្នុងសេចក្តីសម្រេចនេះ ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងករណីរកឃើញជំងឺកូវីដ១៩ នៅក្នុងលំនៅឋាន ទីសំណាក់ សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ក្រុមហ៊ុន រោងចក្រ ឬសហគ្រាសណាមួយ ត្រូវកំណត់ទីតាំងនោះ ជា «តំបន់ក្រហម»។ ពេលកំណត់ជា «តំបន់ក្រហម» គឺត្រូវហាមឃាត់ការចេញចូលទីតាំងនោះ និងសកម្មភាពមួយចំនួនទៀត។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
នៅក្នុងកិច្ចប្រជុំនេះ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ចាប់ផ្តើមនៃប្រជុំថា តាមរយៈវិធានការដែលរដ្ឋបាលខេត្តបានដាក់ចេញកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ មានដូចជាការបិទខ្ទប់ក្រុងព្រះសីហនុ ការកំណត់តំបន់ក្រហម និងតំបន់លឿងទុំ ការកាត់បន្ថយតំបន់លឿងទុំ និងតំបន់លឿង។ល។ ជាលទ្ធផលគឺការឆ្លងរាលដាលបានធ្លាក់ចុះជាបន្តបន្ទាប់ ដូច្នេះដើម្បីសម្រួលដល់ជីវភាពរស់នៅ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ យើងសម្រេចបញ្ចប់តំបន់លឿងទុំមុនកាលកំណត់ចេញពីក្រុងព្រះសីហនុ ដោយប្តូរមកជាតំបន់លឿងវិញ និងពង្រីកតំបន់លឿង ទីតាំងក្រហម ទៅស្រុកព្រៃនប់ដែលទើបមានការរាលដាលថ្មី ព្រមទាំងបង្កើនវិធានការផាកពិន័យទៅការល្មើសបំរាមទាំងឡាយដែលបានដាក់ចេញ សំដៅកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
លោកបានបន្តទៀតថា អាជ្ញាធរនឹងបញ្ចប់តំបន់លឿងទុំនៅក្រុងព្រះសីហនុមុនកាលកំណត់ និងពង្រីកតំបន់លឿង ទីតាំងក្រហម ទៅស្រុកព្រៃនប់ដែលទើបមានការរាលដាលថ្មី ព្រមទាំងបង្កើនវិធានការផាកពិន័យទៅការល្មើសបំរាមទាំងឡាយដែលបានដាក់ចេញ សំដៅកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
របាយការណ៍របស់ខេត្តព្រះសីហនុ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តមានអ្នកកើតជំងឺកូវីដ១៩ សរុបប្រមាណ ៣,០៥៤នាក់។ ក្នុងនោះស្លាប់ ១២នាក់, ព្យាបាលជាសះស្បើយ ២,២២៦នាក់ និងកំពុងសម្រាកព្យាបាល ៨១៦នាក់៕