(ពោធិ៍សាត់)៖ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេង ចំពោះបុព្វហេតុជាតិមាតុភូមិរបស់អតីតយុទ្ធជន កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់ថវិកាតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់សាងសង់ផ្ទះ ជូនដល់គ្រួសារអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព សរុបចំនួន ៦២៨គ្រួសារ រស់នៅលើសម្បទានដីសង្គមកិច្ច ទំហំជាង ៩០០ហិកតា ដែលបានផ្តល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់។
នៅថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ រួមជាមួយលោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល សួរសុខទុក្ខគ្រួសារអតីតយុទ្ធជនក្រីក្រ និងពិការភាព ចំនួន៤២គ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួចជាបណ្តើរៗ និងជាពិសេសលើកទឹកចិត្តដល់កងកម្លាំង និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិឋានថ្មីនេះ ឱ្យលេចចេញជារូបរាងឡើង។
កាកបាទក្រហមកម្ពុជា និងសមាគមអតីតយុទ្ធជន រួមជាមួយគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ នឹងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីពន្លឿនដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ការសាងសង់ផ្ទះ សាងសង់បង្គន់អនាម័យ ខួងអណ្តូងទឹក បំពាក់ប្រព័ន្ធសូឡា។ល។... ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ជូនគ្រួសារអតីតយុទ្ធជនឱ្យទាន់រដូវវស្សា។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា នឹងធ្វើពិធីប្រគល់-ទទួលផ្ទះ ចំនួន ៥០ខ្នង នៅសប្តាហ៍ទី២ ខែមិថុនាខាងមុខនេះ និងនៅកាលបរិច្ឆេទបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា ជាជំហានទី១ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ជូនឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីចាត់ចែងរៀបចំការសាងសង់ផ្ទះ ជូនអតីតយុទ្ធជន ក្នុងខេត្តពោធិ៍សាត់។ ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ គុណ ៧ម៉ែត្រ គ្រឿងបង្គុំធ្វើអំពីដែក សសរចាក់ស៊ីម៉ង់តិ៍ ជញ្ជាំងស្មាតបត ដំបូលស័ង្កសី តតាកខាងក្រោយផ្ទះ ជាចង្ក្រានបាយ និងមានបង្គន់អនាម័យដាច់ដោយឡែកមួយ ដែលចំណាយថវិកាប្រមាណ ៣,៥០០ដុល្លារអាមេរិក។
ក្នុងនោះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងបន្តផ្តល់ថវិកាសម្រាប់ការសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពទាំង ៦២៨គ្រួសារ នៅខេត្តពោធិ៍សាត់ ឱ្យបានគ្រប់ចំនួន ដោយមិនឱ្យខ្វះមួយគ្រួសារណាឡើយ។ ការផ្តល់ថវិកាសម្រាប់ការសាងសង់ផ្ទះនេះ គឺជាការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសារតែសម្តេច ធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងមានប្រវត្តិតស៊ូជាច្រើនរាប់មិនអស់ ជាមួយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាឥស្សរជនជាន់ខ្ពស់ដទៃទៀត ជាពិសេសបងប្អូនអតីតយុទ្ធជន ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។
ក្រុមគ្រួសារអតីតយុទ្ធជន ដែលចូលមករស់នៅទីនោះ មានក្តីរំភើបរីករាយឥតឧបមា ដោយទទួលបានជម្រករស់នៅសមរម្យ ដីធ្លីសម្រាប់បង្កបង្កើនផល ជាពិសេសការគិតគូររបស់ថ្នាក់ដឹកនាំ ដែលធ្វើឱ្យពួកគាត់មានភាពកាន់តែកក់ក្តៅ។ ពួកគាត់បានចាត់ទុកថា ដីធ្លី និងលំនៅដ្ឋាន ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាទ្រនំជីវិតថ្មី ដែលពួកគាត់នឹងកសាងជីវិតថ្មីឱ្យបានល្អប្រសើរ ជាមួយនឹងផែនការដាំដុះកសិផល នៅលើដីដ៏សម្បូរជីវជាតិមួយនេះ ហើយនេះជាអំណោយដ៏មានសារសំខាន់បំផុតសម្រាប់ជិវីតរបស់ពួកគាត់។ ពួកគាត់បានអះអាងថា ដី និងផ្ទះនេះ បើទោះបីជាក្រលំបាកយ៉ាងណា ក៏ផ្តាំកូនផ្តាំចៅ មិនឱ្យលក់ជាដាច់ខាត៕