(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំបន្ទាន់នៅសាលាខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការថ្មីៗមួយចំនួនទៀត ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោកអភិបាលខេត្តបានថ្លែងទៀតថា រដ្ឋបាលខេត្ត និងក្រុមមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តវិធានការរដ្ឋបាលដដែល គឺបន្តច្បាមឱ្យជាប់នូវអ្នកសង្ស័យ ក្រោមយុទ្ធសាស្ត្រការស្រាវជ្រាវ និងការធ្វើតេស្តដែលកិច្ចការនេះប្រគល់ជូនឲ្យខាងមន្ទីរសុខាភិបាល និងមន្ទីរការងារ គឺផ្តោតជាសំខាន់លើកម្មករ-កម្មការិនី តាមរោងចក្រសរុបទាំង ១៧កន្លែង ដែលមានចំនួនសរុបប្រមាណ ៤០,០០០នាក់នោះ។

លោកអភិបាលខេត្តបានបញ្ជាក់ថា «រាល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ក្រោយពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ហើយ យើងត្រូវយកពួកគាត់មកព្យាបាល គឺដាច់ខាតកុំទុកពួកគាត់ចោលនោះឡើយ បើទោះជានៅទីណា ឆ្ងាយប៉ុណ្ណាក៏ដោយ»

លោកបានថ្លែងបន្តថា ទន្ទឹមនឹងការរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាមជាបន្តបន្ទាប់នេះ អាជ្ញាធរក្រុង-ស្រុក ត្រូវត្រៀមរៀបចំមន្ទីរពេទ្យតាមបណ្តាស្រុក យ៉ាងហោចមួយមន្ទីរពេទ្យឲ្យបានចំនួន ១០គ្រែដែរ។

ចំណែករដ្ឋបាលខេត្ត មកដល់ពេលនេះ បានសម្រេចយកវិទ្យាល័យព្រះសីហនុ នៅក្រុងកំពង់ចាម សម្រាប់ធ្វើជាមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលៗ។ ចំពោះអ្នកជំងឺធ្ងន់ៗត្រូវបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម៕