(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បាននាំយកនូវអំណោយរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ចំនួន ៤គ្រួសារ រស់នៅក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុន្នី ជានិច្ចកាលលោកតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតនៃមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ។
លោកឧត្តមសេនីយ៍មេបញ្ជាការបានជម្រាបជូនថា ស្ថិតក្នុងកាលៈទេសៈនេះ ពលរដ្ឋគ្រប់គ្នាត្រូវបន្តយកចិត្តទុកដាក់គោរពអនុវត្តឲ្យបាន តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំ។
ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណជូនចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី តែងតែយកចិត្តទុកដាក់ និងផ្តល់អំណោយជាសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងទាន់ពេលវេលា៕