(ស្វាយរៀង)៖ អាជ្ញាធរស្រុកស្វាយជ្រំ នៃខេត្តស្វាយរៀង បានសម្រេចផ្អាកការលក់ដូរនៅ «ផ្សារដូនស» ស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩ម្នាក់ និងអ្នកប៉ះពាល់ផ្ទាល់ ប្រយោលមួយចំនួនទៀត ដែលជាអ្នករស់នៅ និងលក់ដូរក្នុងផ្សារនេះតែម្ដង។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី២៣ ខែឧសភា នេះថា ពលរដ្ឋដែលមានវិជ្ជមានជំងឺកូវីដនោះ មានឈ្មោះ ឆាន់ សំ អាយុ៧១ឆ្នាំ ដោយគាត់មានទីលំនៅជិតផ្សារដូនសនេះតែម្ដង។
លោកបានបន្តថា ដំបូងឡើយ បុរសខាងលើមានអាការៈគ្រុនក្តៅ ហើយខ្យល់គរដួលនៅមុខផ្ទះ ពេលនោះមានកូនក្មួយ និងអ្នកជិតខាងបានមកជួយចាប់ខ្យល់ និងកោសខ្យល់ឱ្យ ដែលមានអ្នកប៉ះពាល់ផ្ទាល់ ២៥នាក់ និងអ្នកប៉ះពាល់ប្រយោល ៩នាក់ទៀត។
លោកបានបន្ថែមថា រដ្ឋបាលស្រុកស្វាយជ្រំបានណែនាំឲ្យប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវនៅធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និងបានបិទស្លាកសញ្ញា «ហាមចូលផ្ទះធ្វើចត្តាឡីស័ក» ចំនួន ២៥ខ្នងផ្ទះ និងសំណូមពរឲ្យក្រុមអាជីវករផ្សារដូនសទាំងអស់ ផ្អាកការលក់ដូរជាបណ្តោះអាសន្នមួយរយៈ រង់ចាំក្រុមការងារស្រាវជ្រាវស្វែងរកប្រភពចម្លងឱ្យបានច្បាស់លាស់សិន។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៩នាក់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករដែលធ្លាប់បានទាក់ទងជាមួយអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ ឆាន់ សំ និងតូបលក់គ្រឿងក្រអូប ម៉ុងភួយ ឈ្មោះ ឆាន់ សៀវអន ភេទស្រី អាយុ២១ឆ្នាំ ស្ថិតនៅផ្សារដូន ឃុំដូនស ស្រុកស្វាយជ្រំ ដូចគ្នា។
ប្រសិនបើមានរោគសញ្ញាសង្ស័យមួយចំនួន ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ត្រូវប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យដែលមានទីតាំងនៅមុខទីស្នាក់ការគណបក្ស CPP ឃុំក្រោលគោ ឬទំនាក់ទំនងលេខ 097 78 16 403 ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕