(បន្ទាយមានជ័យ)៖ ស្រ្តី២នាក់ និងបុរសម្នាក់ បានចេញដំណើរពីរាជធានីភ្នំពេញ ធ្វើដំណើរគ្មានគោលដៅរសាត់ទៅដល់ភាគពាយ័ព្យប្រទេស ធ្វើឱ្យម្ចាស់រថយន្តឈ្នួលចាល់គំនិត ក៏ដឹកយកទម្លាក់ចោលនៅភ្នំឆ័ត្រ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកអធិការនគរបាលស្រុកស្វាយចេក ដែលឈរជើងនៅគោលដៅតេជោភ្នំឆ័ត្រ សហការជាមួយប្រជាការពារមណ្ឌលតេជោភ្នំឆ័ត្រ បានចុះឃាត់ខ្លួនមនុស្សប្រុសស្រីទាំងបីនាក់ខាងលើ នៅវេលាម៉ោង ១១យប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
ប្រុសស្រីទាំង៣នាក់នេះ មានឈ្មោះ ប៊ុន ហ្គិច ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិចំព្រេចគយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តល ប៊ុន សៀកទៀង ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា និងឈ្មោះ មហា ម៉ាត់អៃយ៉ាស់ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិប៉ាគីស្ថាន។
បើតាមសមត្ថកិច្ច បានឱ្យដឹងថា មនុស្សទាំង៣នាក់នេះ បានចេញមកពីភ្នំពេញ ប្រហែលចង់ចេញទៅប្រទេសថៃ។ ពួកគេបានជិះឡានមកដេកនៅសៀមរាបបាន ១យប់ ហើយជិះឡានបន្តមកដេកនៅខេត្តបន្ទាយមានជ័យ ១យប់ទៀត។ ដោយសារពិបាកក្នុងការធ្វើដំណើរទៅស្រុកថៃខ្លាំងពេក ក៏ចង់វិលប្រឡប់មកភ្នំពេញ។ ពេលនោះ មានឡានមួយគ្រឿងធានាថាដឹកទៅភ្នំពេញ ដោយសារពួកខ្លួនមិនស្គាល់ភូមិសាស្ត្រ ក៏ត្រូវអ្នកបើករថយន្តយកមកទម្លាក់ចោលកន្លែងមួយនៅក្បែរភ្នំឆ័ត្រ លុះព្រឹកឡើង ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីសួរនាំធ្វើកំណត់ហេតុរួច ជនរងគ្រោះបានបញ្ជូនទៅច្រកអូរបីជាន់ ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័កឲ្យគ្រប់ចំនួន ១៤ថ្ងៃសិន ទើបឲ្យវិញត្រឡប់ទៅផ្ទះវិញបាន៕