Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះចៅអធិការវត្តព្រះឥន្ទកោសា និងលោក ខេម ម៉េងលាង រៀបចំអំណោយស្បៀងអាហារប្រគេនព្រះសង្ឃ និងពលរដ្ឋខ្វះខាត ក្នុងខេត្តសៀមរាប

23-05-2021 12:39

(សៀមរាប)៖ ព្រះតេជគុណ តាត មហាទី ចៅអធិការវត្តព្រះឥន្ទកោសា និងលោក ខេម ម៉េងលាង បានរៀបចំអំណោយស្បៀងអាហារគ្រឿងឧបភោគ បរិភោគ ប្រគេនព្រះសង្ឃ៥០អង្គ និងប្រជាពលរដ្ឋ ១៥០គ្រួសារ ដែលកំពុងជួបការខ្វះខាតដោយសារការរាតត្បាតជំងឺកូវីដ១៩។

ពិធីប្រគេន និងចែកអំណោយដល់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្វះខាតក្នុងក្នុងជីវភាពនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ នៅវត្តព្រះឥន្ទកោសា ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ព្រះតេជគុណ តាត មហាទី មានសង្ឃដីការថា ការចែកអំណោយនេះ គឺជាការចូលរួមនូវការចែលរំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកពីការរាតត្បាតជំងឺកូវីដ១៩។

ព្រះតេជគុណ តាត មហាទី បានគូសបញ្ជាក់ថា ក្នុងពេលសង្គមជួបនូវវិបត្តិ និងការខ្វះខាតពីបញ្ហាផ្សេងៗ គឺទាមទារឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋដែលមានលទ្ធភាព ជួយដល់អ្នកគ្មានលទ្ធភាព ដែលជាកាយវិការដ៏ឧត្តមក្នុងសង្គម។

ព្រះសង្ឃ និងប្រជាពលរដ្ឋដែលទទួលបានអំណោយ បានថ្លែងអំណរព្រះគុណព្រះតេជគុណ តាត មហាទី និងអរគុណ លោក ខេម ម៉េងលាង ដែលបានជួយផ្តល់ស្បៀងអាហារ ដើម្បីដោះស្រាយការលំបាកក្នុងជីវភាព។

ក្នុងឱកាសនោះ ព្រះតេជគុណ តាត មហាទី ក៏បានផ្តល់ព័ត៌មានពាក់ព័ន្ធបញ្ហារាតត្បាតជំងឺកូវីដ១៩ និងបានលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះផងដែរ។

ព្រះតេជគុណ តាត មហាទី និងលោក ខេម ម៉េងលាង បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តនូវវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ «៣ការពារ ៣កុំ» ដើម្បីស្កាត់ការឆ្លងជំងឺកូវីដ១៩៕