(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បាននាំយកសម្ភារបរិក្ខាពេទ្យមួយចំនួនប្រគល់ជូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងបរិវេណវិទ្យាល័យសម្តេច ជួន ណាត ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សកម្មភាពក៏មានការចូលរួមពីលោកស្រី ម៉ក់ ស៊ីថា រួមជាមួយក្រុមការងារចុះជួយឃុំនៅទូទាំងស្រុក លោកអភិបាលស្រុក លោកប្រធានមន្ទីរពេទ្យបង្អែកស្រុក និងអាជ្ញាធរពាក់ព័ន្ធ បាននាំយកសម្ភារបរិក្ខាពេទ្យមួយចំនួនប្រគល់ជូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងបរិវេណវិទ្យាល័យសម្តេច ជួន ណាត។
មានមតិសំណេះសំណាលក្នុងពិធីប្រគល់ទទួលនេះ លោក វេង សាខុន បានថ្លែងអំណរគុណជូនចំពោះប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំ ភូមិ សមាជិក និងសប្បុរសជនទាំងអស់ ដែលបានជួយបរិច្ចាកថវិកា និងសម្ភារផ្ទាល់ខ្លួន ក្នុងបុព្វហេតុដើម្បីចូលរួមសម្រាលទុក្ខលំបាលរបស់ពលរដ្ឋក្នុងមណ្ឌលចត្តាឡីស័កនេះ សរុបចំនួន ២២២នាក់ ក្នុងនោះស្រ្តីជាកម្មករមាន ២១០នាក់។
ក្នុងឱកាសនេះ លោកបានស្នើសុំឲ្យលោកអភិបាលស្រុក សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មន្ទីរពេទ្យបង្អែក លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវបន្តយកចិត្តទុកដាក់មើលថែរក្សាការពារសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសអនុវត្តឲ្យខាងតែបាននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺដ៏កាចសាហាវនេះ។
ដោយឡែក ចំពោះពលរដ្ឋទាំង ២២២នាក់ លោកបានណែនាំក្នុងន័យលើកទឹកចិត្ត ឧបត្ថម្ភ និងគាំទ្រយ៉ាងពេញទំហឹងទាំងសម្ភារ និងស្មារតី៖
* ត្រូវមានក្តីសង្ឃឹមថាត្រូវតែឈ្នះមេរោគនេះ ហើយតាំងចិត្តថានឹងទទួលបានសុវត្ថិភាព រួចវិលត្រឡប់ទៅកាន់លំនៅឋាន ជួបជុំគ្រួសារ និងបំពេញការងាររៀងៗ ក្នុងពេញឆាប់ៗខាងមុខជាមិនខាន។
* ត្រូវប្រកាន់យកការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បីសុខភាពល្អ។
* ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវការហាត់ប្រាណ ដើម្បីសុខភាពល្អ រាង្គកាយមាំមួន យើងនឹងឈ្នះជំងឺនេះ។
* ត្រូវអនុវត្តឲ្យបានខ្ចាប់ខ្ជួនតាមការណែនាំរបស់លោកគ្រូ-អ្នកគ្រូវពេទ្យ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ជាពិសេសការទទួលទានថ្នាំព្យាបាល ក្នុងករណីមានគ្រុនក្តីបន្តិចបន្ទួច។
យល់ពីស្ថានភាពដ៏លំបាកនាពេលនេះ លោក វេន សាខុន បានឧបត្តម្ភគ្រែបត់ចំនួន ៦០០ សម្រាប់ប្រើប្រាស់ក្នុងការស្នាក់នៅ និងជាកាដូពិសេសជូនយកទៅប្រើប្រាស់ក្នុងគ្រួសារនៅពេលបិទបញ្ចប់ការធ្វើចត្តាឡីស័ក ក្នុងរយៈពេល១៤ថ្ងៃ រួមទាំង ម៉ាស ២៥,០០០ អាល់កុល ១៥០លីត្រផងដែរ៕