(រតនគីរី)៖ ក្រោយពីទទួលបានដំណឹងដ៏សាហាវអំពីករណីចាប់រំលោភ និងអាករដាច់បំពង់ក ទៅលើក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ នៅស្រុកអណ្តូងមាស ខេត្តរតនគីរី លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានចាត់ចែងតាំងក្រុមមេធាវីចុះទៅជួបក្រុមគ្រួសារ និងជនរងគ្រោះដើម្បីជួយការពារសិទ្ធិ ជូនក្មេងស្រីរងគ្រោះលើករណីដ៏សាហាវនេះ។
ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន បានរៀបរាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានការចាត់តាំងពីលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន, លោក វិច សុវាចា អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ទទួលបន្ទុកខេត្តរតនគីរី និងលោកមេធាវី លី ទិត្យបូនាមី បានចុះជួបគ្រួសារកុមារីរងគ្រោះ លើអង្គហេតុជាសង្ខេបដូចខាងក្រោមនេះ។
កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨:៣០ (ល្ងាច) មានករណីរំលោភសេពសន្ថវៈលើកុមារីម្នាក់អាយុ១៤ឆ្នាំ ស្ថិតនៅចំណុចការដ្ឋានទី ៣ ក្រុមហ៊ុនហ័ងអញ ភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ។ ជនល្មើសឈ្មោះ គា អាយុ៤១ឆ្នាំ បានរំលោភ និងបានអាករ ក្មេងស្រីរងគ្រោះរហូតដាច់បំពងក និងបានអូសក្មេងស្រី រងគ្រោះទំលាក់ទៅក្នុងអូរ ក្នុងបំណងសម្លាប់បំបិទភស្តុតាង។ ជនល្មើសបានរង់ចាំរហូតដល់ក្មេងស្រីស្លាប់ ទើបបានចាកចេញ ប៉ុន្តែដោយក្មេងស្រីរងគ្រោះបានធ្វើពុតជាស្លាប់ (អត់ដង្ហើមចំនួន១នាទី) ទើបជនល្មើសចាកចេញពីកន្លែងកើតហេតុ។ ក្មេងស្រីរងគ្រោះប្រឹងវាឡើងពីអូរមកខាងលើ ទើបមានអ្នកជួយ និងបានយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ រួចផុតពីសេចក្តីស្លាប់ ។ ចំពោះជនល្មើស សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួន៕