(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះថា បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។
ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល សម្រាប់ក្រុមគ្រួសារ និងសម្រាប់សហគមន៍ ប្រសិនបើយើងមិនចង់ឱ្យមាននៃការបើក និងបិទខ្ទប់ ចុះឡើងៗវិញនោះទេ។
ការបាត់បង់ជីវិតនៃស្វាមី និងភរិយា បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងថ្ងៃតែមួយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ គឺបានពញ្ញាក់ស្មារតី និងបានក្រើនរំលឹកយើងទាំងអស់គ្នា ច្បាស់ណាស់ថា កូនៗក្តី ក្រុមគ្រួសារក្នុងផ្ទះជាមួយក្តី និងស្វាមី-ភរិយាក្តី ចាំបាច់ណាស់ដែលត្រូវតែការពារខ្លួនរាល់ពេលដែលចេញក្រៅផ្ទះ ហើយត្រូវចងចាំថា ពេលត្រឡប់មកផ្ទះវិញ សូមកុំនាំវីរុសចង្រៃនេះចូលផ្ទះឱ្យសោះ ដើម្បីចៀសវាងឱ្យបាននូវការចម្លងបន្តគ្នា ដោយអនុវត្តវិធានការ “៣ការពារ និង៣កុំ” ដែលអាចជួយយើងបាន ឱ្យរួចផុតពីទុក្ខភ័យ និងការបាត់បង់សមាជិកគ្រួសាររបស់យើង។
ប្រសិនបើ ប្រញាប់ប្រញាល់ធ្វើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ និងជាពិសេសការបើកប្រកបរបររកស៊ីទទួលទានឡើងវិញ តាមបែបធម្មតា ដូចកាលពីមុនមិនទាន់ មានបញ្ហារាតត្បាតជំងឺកូវីដ-១៩ ដោយមិនបានត្រៀមលក្ខណ:ឱ្យស្របតាមបរិបទ «ធម្មតា តាមបែបគន្លងថ្មី» ដើម្បីការពារការចម្លងជំងឺកូវីដ-១៩នេះ ឱ្យបានត្រឹមត្រូវទុកជាមុនទេនោះ មិនយូរមិនឆាប់ យើងនឹងនាំមកនូវការវិលត្រឡប់នៃការឆ្លងរាតត្បាតនិងការបិទខ្ទប់នៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ។ សូមមេត្តាចងចាំត្រង់ចំណុចនេះ។
សូមអរគុណនូវរាល់ការចូលរួមការពារការចម្លងវីរុសនេះ ដើម្បីសុខភាពលោកអ្នក សុខភាពគ្រួសារលោកអ្នក និងសុខភាពសហគមន៍របស់យើង៕