(ក្រចេះ)៖ ក្នុងកិច្ចប្រជុំនៃពិធីប្រកាសកែសំរួលសមាសភាពក្រុមការងារស្រុកព្រែកប្រសព្វ ខេត្តក្រចេះ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានមានមតិគូសបញ្ជាក់ពីបច្ចុប្បន្នភាពនៃសភាពការណ៍សង្គមជាតិ ដោយលើកសរសើរពីចលនាសាមគ្គីជាតិ ដែលនៅទូទាំងប្រទេសយើងកំពុងរួមគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីបន្តប្រយុទ្ធប្រឆាំងកូវីដ-១៩។
ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ លោកស្រី អស់លោកជាប្រធាន អនុប្រធាន សមាជិកក្រុមការងារស្រុក ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មេឃុំ មេភូមិ និងមន្ត្រីមូលដ្ឋានជាច្រើនរូបទៀត សរុបទាំងអស់មានចំនួនប្រមាណ ១៣០នាក់។
លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានធ្វើការកត់សម្គាល់សង្កត់ធ្ងន់ពីចលនាយុទ្ធនាការជាតិក្រោមការដឹកនាំដ៏មោះមុត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលទទួលបានការគាំទ្រ និងការចូលរួមយ៉ាងផុសផុល និងទូលំទូលាយពីមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងមហាជន ប្រជាជនគ្រប់លំដាប់ថ្នាក់ កំពុងជម្រុញ ការពុះពារប្រយុទ្ធគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ បានល្អប្រសើរ ដើម្បីរក្សាស្ថិរភាព និងប្រក្រតីភាពជីវភាពសង្គមជាតិ។
ប៉ុន្តែមានសំណួរជាទូទៅមួយបានចោទឡើងថា «ពេលរាជរដ្ឋាភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេសកំពុងរួមគ្នាប្រយុទ្ធទ្រោលសភាពការណ៍កូវីដ-១៩ តើពួកអ្នកប្រឆាំងបានចូលរួមធ្វើអ្វីខ្លះ?»។
ទោះជាយ៉ាងណាក្តី អាស្រ័យដោយកំលាំងសាមគ្គីប្រជាជាតិដើម្បីកសាងភាពធន់សង្គមជាតិកំពុងប្រព្រឹត្តទៅយ៉ាងសកម្មបែបនេះ អង្គប្រជុំទាំងមូលបានសំដែងនូវជំនឿជាក់ប្រកបដោយសុទិដ្ឋិនិយមថា យើងពិតជាប្រយុទ្ធឈ្នះកូវីដ-១៩ និងពុះពារដោះស្រាយបានរាល់ផលប៉ះពាល់បង្កឡើងដោយវិបត្តិនៃជម្ងឺរាតត្បាតជាសកលនេះ នាំសង្គមជាតិយើងត្រឡប់ទៅកាន់ប្រក្រតីភាពជាធម្មតាសាជាថ្មីឡើងវិញយ៉ាងឆាប់រហ័ស ដើម្បីបន្តរក្សារឹងមាំនូវបុព្វហេតុសុខសន្តិភាព ការអភិវឌ្ឍសំរាប់អនាគតរុងរឿងរបស់ប្រទេសជាតិ និងប្រជាជនយើង៕