បំណែកសង្ស័យជា MH370 មួយទៀតហើយ ត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង
12-03-2016 11:34
(អាហ្វ្រិកខាងត្បូង)៖ យុវជនម្នាក់ នៅប្រទេសអាហ្វ្រិកខាងត្បូង បានរកឃើញបំណែកមួយផ្ទាំងនៅតំបន់ឆ្នេរ ជាប់មហាសមុទ្រឥណ្ឌា ដែលត្រូវបានគេសន្និដ្ឋានថា អាចជាបំណែករបស់យន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ដំណឹងជាងពីរឆ្នាំមកហើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០១៦។
បំណែកនោះគឺជាបន្ទះដែកប្រវែងជាងមួយម៉ែត្រ និងមានបិទតែមលេខ 676EB លើនោះផងដែរ។ តាមពិតវាត្រូវបានរកឃើញដោយយុវវ័យ ១៨ឆ្នាំម្នាក់ឈ្មោះ Liam Lotter តាំងពីខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ នៅពេលដែលរូបលោកកំពុងដើរកម្សាន្តលើឆ្នេរមួយនៃភាគខាងត្បូង ប្រទេសម៉ូហ្សាំប៊ីក (Mozambique) ក្បែរក្រុង Xai Xai។
ពីដំបូងឡើង Liam មិនទាន់ហ៊ានប្រាប់សមត្ថកិច្ចណាម្នាក់ឡើយ ប៉ុន្តែក្រោយពីយកទៅផ្ទះ ហើយដឹងថាវាជាបំណែកនៃយន្តហោះនោះ គេក៏បានរាយការណ៍រឿងនេះប្រាប់សមត្ថកិច្ច។ ឥឡូវនេះ បំណែកខាងលើនេះកំពុង ត្រូវបានគេបញ្ជូនទៅធ្វើការត្រួតពិនិត្យ ដោយក្រុមជំនាញ។
គួរបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរ របស់ម៉ាឡេស៊ី ជើងហោះហើរ MH370 បានបាត់កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ដ៏អាថ៌កំបាំងក្នុងប្រវត្តិសាស្ត្រ ខណៈចេញដំណើរពីទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុង Beijing ប្រទេសចិន៕