(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើជនជាតិចិនម្នាក់ ឈ្មោះ CHEN DEHAO អាយុ៣២ឆ្នាំ ដែលធ្វើដំណើរចេញពីខេត្តព្រះសីហនុ តាមផ្លូវទឹកចូលមកក្រុមហ៊ុន ឡុង ប៊េយ៍ (Long Bay) ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែឧសភានេះ។
រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា តាមការសួរព័ត៌មានតាមទូរស័ព្ទ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោក យឹម សុខជា អាយុ ៣៧ឆ្នាំ បើកបររថយន្ត០១គ្រឿង ម៉ាក Alphard ពណ៌ខ្មៅ ធ្វើដំណើរមកពីខេត្តព្រះសីហនុ ចូលមកស្រុកគិរីសាគរ (បើកបរមកតែម្នាក់ឯង ហើយមិនបានឈប់នៅតាមផ្លូវឡើយ) ដើម្បីចាំទទួលអ្នកដំណើរម្នាក់ជាជនជាតិចិនមានឈ្មោះ CHEN DEHAO អាយុ ៣២ឆ្នាំ ដែលបានធ្វើដំណើរដោយអូប័រ ពីខេត្តព្រះសីហនុ ចូលមកចុះនៅរបស់ក្រុមហ៊ុន ឡុង ប៊េយ៍ (Long Bay) ស្រុកគិរីសាគរ ខេត្តកោះកុង នៅថ្ងៃ ខែ ឆ្នាំ ដដែល (ជនជាតិចិនបានប៉ាវអ៊ូប័រ ជិះមកម្នាក់ឯង ពេលមកដល់គោលដៅ អ្នកបើកអ៊ូប័រ ក៏ត្រឡប់ទៅវិញ ហើយក្រុមការងារមិនទាន់បានកំណត់អត្តសញ្ញាណបាននៅឡើយចំពោះអ្នកបើកអ៊ូប័រនេះ)។
បន្ទាប់មកពួកគាត់ទាំង០២នាក់ បានធ្វើដំណើររួមគ្នាក្នុងឡានតែមួយ (ដោយជនជាតិចិនអង្គុយ នៅកៅអីបាំងខាងក្រោយកៅអីអ្នកបើកបរ ហើយអ្នកទាំងពីរបានពាក់ម៉ាសរៀងៗខ្លួន) សំដៅចូលទៅក្រុមហ៊ុន ឡុង ប៊េយ៍ (Long Bay) ប៉ុន្តែពេលចូលមកដល់ទីតាំងប៉ុស្តិ៍ត្រួតពិនិត្យ សន្តិសុខដែលនៅយាមបានរាយការណ៍មកក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកោះកុង ដើម្បីសាកសួរព័ត៌មានអំពីប្រវត្តិ នៃការធ្វើដំណើរ និងតំបន់ដែលអ្នកទាំងពីរ ស្នាក់នៅមុនពេលចូលមកដល់ខេត្តកោះកុង។
ក្រោយពេលទទួលបានព័ត៌មានសង្ស័យមួយចំនួនក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកោះកុង សម្រេចយកសំណាក់អ្នកទាំង០២ ដោយធ្វើតេស្តរហ័ស (Rapid Test) ដើម្បីរកមេរោគកូវីដ១៩ ជាលទ្ធផល គឺជនជាតិចិន ឈ្មោះ CHEN DEHAO មានវិជ្ជមានជំងឺកូវីដ១៩ ចំណែកឯអ្នកបើកបរ ឈ្មោះឃឹម សុខជា លទ្ធផលអវិជ្ជមានជំងឺកូវីដ១៩។
បន្ទាប់មកក្រុមការងារបានបញ្ជូនបុរសជនជាតិចិន ដែលមានវិជ្ជមានជំងឺកូវីដ១៩ ចូលទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល យូ ញៀន ស្រុកគិរីសាគរ និងអ្នកបើកបរ បានដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅអគារចត្តាឡីស័ក ក្នុងក្រុមហ៊ុន ឡុង ប៊េយ៍ (Long Bay) ដើម្បីបន្តតាមដានស្ថានភាពសុខភាពជាបន្តទៀត។
បច្ចុប្បន្នក្រុមការងារកំពុងស្រាវជ្រាវបន្តអំពីប្រវត្តិធ្វើដំណើររយៈពេល១៤ថ្ងៃកន្លងមក របស់បុរសជនជាតិចិន ដែលមានវិជ្ជមានជំងឺកូវីដ១៩ ខាងលើ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ និងដើម្បីចូលរួមទប់ស្កាត់ការចម្លងបន្តចូលទៅក្នុងសហគមន៍។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយបុរសជនជាតិចិនខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កជាចាំបាច់៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង៖