(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១១នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកពាមជរ ចំនួន ៤នាក់ ស្រុកពារាំង ចំនួន ៥នាក់ និងស្រុកមេសាង ចំនួន២នាក់។
បច្ចុប្បន្ននេះ អ្នកវិជ្ជមានជំងឺកូវីដ១៩ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេរៀងៗខ្លួន។ ចំពោះប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង១១នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។
ក្នុងនោះដែរ រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល ១៤ថ្ងៃ ប្រសិនបើមានករណីសង្ស័យ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីយកសំណាកវិភាគ និងធ្វើចត្តាឡីស័ក «៣ការពារ និង៣កុំ»៕