(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មរោងចក្រ «ប្រូវូដ ខេមបូឌា ហ្វូរីង» និងរោងចក្រ «ខេមបូឌាន អេវើរវីន អឹកសេសសឺរី» មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩។ នេះបើតាមលិខិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។
លោក គួច ចំរើន បានឱ្យដឹងថា ក្នុងអំឡុងពេលនេះ តម្រូវឱ្យនាយករោងចក្រ សហការជាមួយក្រុមការងារ នៃមន្ទីរការងារ និង
បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ដើម្បីផ្តល់វត្ថុសំណាក ដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ដើម្បីវិភាគរកមេរោគកូវីដ១៩ តាមការកំណត់។
ចំពោះបុគ្គលិក កម្មករ និយោជិតទាំងអស់របស់រោងចក្រត្រូវផ្អាកការចេញ-ចូលរោងចក្រ ហើយនៅក្រោយពេលបានផ្តល់វត្ថុសំណាករួចរាល់ ត្រូវសម្រាកនៅដាច់ដោយឡែកពីគ្នា រង់ចាំរហូតដល់ការធ្វើវិភាគលើវត្ថុសំណាករបស់កម្មករ នៅក្នុងរោងចក្រដែលមានការពាក់ព័ន្ធគ្រប់ៗគ្នា និងមានលទ្ធផលជាផ្លូវការទើបអាចបន្តការងារជាថ្មីតាមការជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ។
លោក គួច ចំរើន បានសង្កត់ធ្ងន់ថា ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕
ខាងក្រោមនេះជាលិខិតរបស់លោក គួច ចំរើន៖