(មណ្ឌលគីរី)៖ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ដលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ដែលប្រកបរបដាំដុះបន្លែសុវត្ថិភាព ឲ្យបន្ដខំប្រឹងប្រែងដាំដុះបន្លែបន្ថែមទៀត ដើម្បីឆក់យកឱកាសទីផ្សារដែលកំពុងមានតម្រូវការ ពិសេសលើកកម្ពស់កម្រិតជីវភាពកាន់តែល្អប្រសើរឡើង។
ការលើកទឹកចិត្តរបស់លោក វេង សាខុន ធ្វើឡើងក្នុងឱកាសលោក និងលោកស្រី ព្រមទាំងលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយសហការី បានមកពិនិត្យចម្ការបន្លែសុវត្ថិភាពរបស់លោក ជិន ផល ដែលកំពុងដាំការ៉ុត ស្ពៃបូកគោ ស្ពៃក្តោប ត្រកូន លើផ្ទៃដីប្រមាណ១០អា នៅភូមិពូលូង សង្កាត់រម្យនា ខេត្តមណ្ឌលគីរី នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។
លោក ជិន ផល កសិករដាំដុះបន្លែធម្មជាតិស្ថិតក្នុងខេត្តមណ្ឌគីរី បានជម្រាបជូនថា «ខ្ញុំបានប្រកបរបរនេះ៤ឆ្នាំហើយ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត ហើយផលទទួលបានពីបន្លែ ធ្វើឲ្យជីវភាពធូរធារផងដែរ។ ក្នុងពេលខាងមុខក៏គ្រោងពង្រីកផ្ទៃដីដាំដុះបន្ថែមផងដែរ»។
ដោយឃើញពីការខិតខំប្រឹងប្រែង របស់លោក ជិន ផល លោករដ្ឋមន្រ្ដីបានបង្ហាញកោតសសើរ យ៉ាងខ្លាំង ក្នុងការដាំបន្លែដែលជាអាជីព សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងរួមចំណែកផ្គត់ផ្គង់ ឲ្យតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល ក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩។
លោកបានលើកទឹកចិត្ត ឲ្យខិតខំបន្ថែមទៀត ដើម្បីឆក់យកឱកាសដែលទីផ្សារកំពុងត្រូវការ ពិសេសដើម្បីលើកកម្ពស់កម្រិតជីវភាព កាន់តែល្អប្រសើរ តាមរយៈការរកែប្រែទម្លាប់នៃ ការដុះតាមបែបធម្មជាតិ ទៅធ្វើការដាំដុះតាមតម្រូវការទីផ្សារ ការបញ្ជាទិញ និងអនុវត្តកសិកម្មតាមកិច្ចសន្យា អនុវត្តបច្ចេកទេសកសិកម្មទំនើបទាន់សម័យ កាត់បន្ថយពលកម្ម ដើមទុនផលិត ការប្រើប្រាស់ធាតុចូលកសិកម្មឲ្យបានត្រឹមត្រូវ មានប្រសិទ្ធិភាពទទួលបានប្រសិទ្ធផល។
លោក វេង សាខុន បានណែនាំឲ្យលោកប្រធានមន្ទីរជួយ ចងក្រងបណ្តុំផលិតបន្ថែ ដល់ប្រជាកសិករ ដើម្បីមានឱកាសសហការផលិតផ្គត់ផ្គង់ ឲ្យក្រុមហ៊ុនប្រមូលទិញ និងបញ្ជ្រាបបច្ចេកទេសបន្ថែម។
បន្ទាប់ពីចុះពិនិត្យមើលចំការបន្លែរបស់លោក ជិន ផល រួចរាល់លោករដ្ឋមន្រ្ដីបានបន្តដំណើរ មកពិនិត្យចម្ការកាកាវរបស់ក្រុមហ៊ុន កាំកាវ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូន ស្រុកពេជ្រាដាផងដែរ។
លោក ប៊ុន ថេនតាំ អ្នកគ្រប់គ្រងចម្ការ បានជម្រាបជូនថាថា «ក្រុមហ៊ុនបានដាំកាកាវសាកល្បងលើផ្ទៃដីជាង២ហត ទទួលបានផលជាង៣តោនក្នុងមួយឆ្នាំ និងបាននាំចេញទៅប្រទេសសឹង្ហបុរី និងប្រទេសជប៉ុន។ ប្រសិនបើដាំបានល្អទទួលបានផលខ្ពស់ ក្នុង១ហត ដំណាំកាកាវអាចទទួលបានចំណូល៦,០០០-៧,០០០ដុល្លារក្នុងមួយឆ្នាំ»។
លោករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ និងលើកទឹកចិត្តឲ្យ ក្រុមហ៊ុនខិតខំពង្រីកផ្ទៃដីដាំដុះបន្ថែម និងរកដៃគូសហការ ជាមួយកសិករ ឬសហគមន៍ ដោយសារដាំណាំឧស្សាហកម្មមួយនេះ អាចទាញបានប្រាក់ចំណូលខ្ពស់ និងមានទីផ្សារល្អ។
លោកក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុន គួរចងក្រងក្រុមផលិត ដើម្បីបង្កើនបរិមាណផលផ្គត់ផ្គង់ តាមតម្រូវការទីផ្សារអន្តរជាតិផងដែរ។
ចេញពីចម្ការកាកាវរដ្ឋមន្ត្រី ក៏បានឆ្ពោះដំណើរបន្តមកចម្ការបន្លែលោក ម៉េង ឃាង ស្ថិតនៅសង្កាត់ស្ពានមានជ័យ នៅក្រុងសែនមនោរម្យ ដែលកសិកររូបនេះកំពុងដាំការ៉ុត ត្រប់ ត្រសក់ ដោយឡែកដំឡូងបារាំង ស្ពៃក្តោប និងស្ពៃបូកគោ (ទើបតែប្រមូលផលរួច) ដោយទទួលបានការជួយឧបត្ថម្ភពីគម្រោង ការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។
លោក ម៉េង ឃាង មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល បាននាំយកជំនាញដាំបន្លែមក ប្រកបរបរនៅខេត្តមណ្ឌលគីរីកាលពីជាង៦ឆ្នាំមុន ដោយរកចំណូលបានពីបន្លែជាង៥,០០០ ដុល្លារក្នុងមួយឆ្នាំ ធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររីកចម្រើន និងមានលទ្ធភាពទិញដី សម្រាប់ទុកពង្រីករបរនេះបន្ថែមនាពេលអនាគត។
លោករដ្ឋមន្ត្រី បានសាទរ និងកោតសរសើរចំពោះ ឆន្ទៈពុះពារប្រកាន់យកអាជីពដាំដុះបន្លែ ដើម្បីជីវភាពហើយក៏ជាចំណែកមួយ ក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មបន្លែក្នុងស្រុក កាត់បន្ថយការនាំចូល។
បន្ថែមពីនេះលោក វេង សាខុន បានណែនាំលោកប្រធានមន្ទីរបញ្ចូលបច្ចេកវិទ្យាថ្មីបន្ថែមទៀត ទាំងប្រព័ន្ធស្រោចស្រព គ្រាប់ពូជ និងជីធម្មជាតិធ្វើយ៉ាងណារក្សាបានគុណភាពផលិតផល សុវត្ថិភាពអ្នកបរិភោគ ភាតរបរិស្ថាន និងនិរន្តរភាពសេដ្ឋកិច្ច៕