(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានសហការជាមួយនគរបាលស្រុកជេីងព្រៃ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលលួចសម្ភារពីឃ្លាំងអេតចាយមួយកន្លែង ស្ថិតត្រង់ចំណុចផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានតម្លៃ ៥មុឺនដុល្លារ ប្រតិបត្តិការនេះធ្វេីឡេីងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅទីតាំងផ្លូវជាតិលេខ៦អា ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស៊ុង វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកជនរងគ្រោះមានឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩៖០០នាទី ជនរងគ្រោះបានឱ្យជនសង្ស័យ បើករថយន្តម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-6955 សណ្តោងកន្ទុយពាក់ផ្លាកលេខភ្នំពេញ 4A-7550 ដឹកដែកអេតចាយចំនួន ២៨តោន សរុបជាទឹកប្រាក់ចំនួន ៥០,០០០ដុល្លារអាមេរិក ចេញពីឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រហូតជនរងគ្រោះទាក់ទងជាមួយជនសង្ស័យមិនបានក៏មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានខណ្ឌដង្កោ។

ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌធ្វេីស្រាវជ្រាវឆែកតាមប្រព័ន្ធ ជីភីអេស ដែលជនរងគ្រោះបានតភ្ជាប់ក្នុងរថយន្តដឹកសម្ភារដែលជនសង្ស័យលួចយកទៅ នោះ ទេីបឈានដល់ការកំណត់ទីតាំងច្បាស់លាស់នឹងឃាត់ខ្លួនជនសង្ស័យរួមទាំងដកហូតនៅវត្ថុតាងមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោនាំខ្លួន យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕