(កណ្ដាល)៖ លោក ប្លង់ វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់ និងឃុំខ្លួនអ្នកផលិតស្រា និងលក់ស្រា សរុប១៣នាក់ ដាក់ពន្ធនាគារ ក្រោយបង្កឱ្យមនុស្ស ១២នាកស្លាប់ និងធ្លាក់ខ្លួនឈឺធ្ងន់មួយចំនួន។ ក្រោមបទ «អំពើមិនសុច្ចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់ មានស្ថានទម្ងន់ទោស»។ នេះបើតាមការឱ្យដឹងពីលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នាល្ងាចនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។
ជនត្រូវចោទទាំង១៣នាក់ រួមមាន៖
ទី១៖ ឈ្មោះ ប៊ូ ស៊ន ភេទប្រុស អាយុ៧៨ឆ្នាំ ជាអ្នកផលិតស្រាស ស្រាថ្នាំ
ទី២៖ ឈ្មោះ ង៉ូវ សៀ ភេទស្រី អាយុ៦៦ឆ្នាំ
ទី៣៖ ឈ្មោះ អៀម នៅ ភេទស្រី អាយុ៤៨ឆ្នាំ
ទី៤៖ ឈ្មោះ អេង ដូរ ភេទស្រី អាយុ៣១ឆ្នាំ
ទី៥៖ ឈ្មោះ ឌួង ឌី ភេទប្រុស អាយុ៦១ឆ្នាំ
ទី៦៖ ឈ្មោះ ខុន សារី ភេទស្រី អាយុ៣៦ឆ្នាំ
ទី៧៖ ឈ្មោះ សេង លីសុភាព ភេទប្រុស អាយុ៣៦
ទី៨៖ ឈ្មោះ អុឹម សំអូន ភេទប្រុស អាយុ៤៤ឆ្នាំ
ទី៩៖ ឈ្មោះ ព្រៃ ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ
ទី១០៖ ឈ្មោះ ឈឿន សុភា ភេទប្រុស អាយុ៣៣ឆ្នាំ
ទី១១៖ ឈ្មោះ ពៅ ហៀង ភេទស្រី អាយុ៤៣ឆ្នាំ
ទី១២៖ ឈ្មោះ ឆាយ សេងឃៀង ភេទប្រុស អាយុ៦៨ឆ្នាំ អ្នកទាំង១២ខាងលើ រស់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល
និងទី១៣៖ ឈ្មោះ ផាត់ សុផាន់នី ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
យោងតាមមាត្រា៤៣ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ «ស្ថានទំងន់ទោសនៃអំពើមិនសុចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់ ដោយសារមរណៈភាព ឬពិការភាព» ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី ២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ៤ លានរៀលដល់ ១០លានរៀល ចំពោះអំពើល្មើសនឹងកថាខណ្ឌទី១ នៃមាត្រា៤១ ដែលបណ្ដាលឱ្យមនុស្សមានពិការភាពអចិន្ត្រៃយ៍ ឬបណ្ដាលឱ្យបាត់បង់ជីវិត ។
សូមជម្រាបថា ក្រសួងសុខាភិបាល បានបញ្ជាក់ថា នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានការរាយការណ៍មកមន្ទីរសុខាភិបាលខេត្តកណ្តាល និងក្រសួងសុខាភិបាល ថាមានករណីស្លាប់ចំនួន១២នាក់កើតឡើង នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ភ្លាមៗនោះ មន្ទីរសុខាភិបាលខេត្ត ក៏បានចាត់ឱ្យក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក សហការជាមួយនគរបាលស្រុក នគរបាល ឃុំ មេឃុំ និងក្រុមកោសល្យវិច័យ នៃស្នងការនគរបាលខេត្ត ចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ព្រមទាំងបានធ្វើតេស្តរហ័សដើម្បីរកវីរុសកូវីដ១៩ ហើយលទ្ធផលបង្ហាញថា សាកសពទាំងពីរពុំមានវិជ្ជមានវីរុសកូវីដ១៩ទេ។
នាយប់ថ្ងៃដដែលនេះ ក្រុមការងារបានបន្តការស្រាវជ្រាវដើម្បីស្វែងរកមូលហេតុដែលបណ្តាល ឱ្យមានបញ្ហាសុខភាព និងស្លាប់ខាងលើនេះ ហើយតាមរយៈការសាកសួរឃើញថា ពួកគាត់ជាអ្នកចូលចិត្តហូបស្រាជាប្រចាំ និងមានអ្នកស្លាប់ជាបន្តបន្ទាប់នៅក្នុងភូមិខាងលើនេះ អាស្រ័យហេតុនេះ ក្រុមឆ្លើយតបបន្ទាន់បានដាក់ការសង្ស័យលើការពិសាស្រា ហើយក៏បានយកសំណាកស្រាថ្នាំ និងស្រាស ពីទីតាំងសិប្បកម្មផលិតចែកចាយស្រា២កន្លែង និងពីទីតាំងលក់រាយតូចៗ ចំនួន២៩កន្លែង សម្រាប់ធ្វើការវិភាគ និងបានផ្ញើមកក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
លទ្ធផល នៃការអង្កេតស្រាវជ្រាវរកឃើញថា ករណីដំបូងបង្អស់កើតមាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ហើយករណីទាំងអស់ចាប់ផ្តើមឡើង ដោយមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើមអ្នកខ្លះមានសភាពឡះឡះ ថប់ដង្ហើមណែនទ្រូង ពិបាកដកដង្ហើមរីកប្រស្រីភ្នែកសន្លឹម និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួន និងជាសរុបរួមពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែឧសភានេះ មានករណីស្លាប់សរុបចំនួន១២នាក់ នៅភូមិចំនួន២ គឺភូមិតាស្គរភូមិក្តីកណ្ដាល ឃុំសារិកាកែ ស្រុកល្វាឯម ក្រុមការងារឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធ បានចុះអប់រំណែនាំប្រជាជននៅតាមភូមិ-ឃុំ ដែលកើតហេតុ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តខ្ជាប់ខ្ជួន នូវអនាម័យចំណីអាហារឲ្យបានល្អ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការពិសាស្រា ដែលផលិត ឬបិតស្រាមិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស និងបញ្ឈប់ការលក់ស្រា និងទីតាំងផលិតចែកចាយស្រាទាំង២កន្លែង ក្នុងតំបន់គោលដៅដែលកើតមាននូវករណីខាងលើ។
បន្តតាមដាន និងអប់រំប្រជាជនទូទៅ អំពីអនាម័យចំណីអាហារ ចេះការពារខ្លួន កុំឱ្យមានការពុលស្រា ដោយមានចែកជូននូវសារអប់រំជាដើម។
លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បង្ហាញថាមន្ទីរពិសោធន៍ទទួលបានសំណាកស្រា ២៨សំណាក ក្នុងនោះស្រាថ្នាំ១៥សំណាក ស្រាស១៣សំណាក ដែលមានសារធាតុមេតាណុល (Metfanp) លើសកម្រិតធំជាង០,៥ភាគរយ (>0,៥%) មានចំនួន២០សំណាក ដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី០,១% ឡើយ។
ពាក់ព័ន្ធនឹងករណីខាងលើ ក្រសួងសុខាភិបាលសន្និដ្ឋានថា ហេតុការណ៍ស្លាប់នៅភូមិទាំង២ខាងលើ បានកើតឡើងដោយសារពួកគាត់បានពិសាស្រាស ឬស្រាថ្នាំដែលមានសារជាតិមេតាណុលខ្ពស់ បញ្ជាក់តាមលទ្ធផលបានមកពីមន្ទីរពិសោធន៍ ហើយនាពេលកន្លងមកក៏មានករណីពុលស្រាស ឬស្រាថ្នាំពីពេលមុនៗជាច្រើនដងមកដែរ។
ក្រសួងសុខាភិបាល សូមឱ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការពិសាស្រាស ឬស្រាថ្នាំ ដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ ជាពិសេសស្រា ដែលយកមេតាណុលមកលាយ (ហាមដាច់ខាត)។ បើនៅតែបន្តពិសាស្រាស ឬស្រាថ្នាំទាំងនេះទៀតនោះ នឹងបណ្តាលឱ្យប៉ះពាល់ ដល់សុខភាព ទៅជាឈឺ ឬអាចបាត់បង់ជីវិត។ ប្រសិនបើបងប្អូនមានបញ្ហាសុខភាព ឬជំងឺសូមប្រញាប់ទៅកាន់ មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត៕