(កណ្ដាល)៖ សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ទូទាំងស្រុកអង្គស្នួល មានកម្មករកម្មការិនីដែលជាសះស្បើយពីជំងឺកូវីដ១៩ បន្ថែមសរុបចំនួន១១២នាក់ ក្នុងនោះមានស្រីចំនួន៦៨នាក់ មកពីមណ្ឌលព្យាបាលចំនួន៤។
លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា ជួសមុខអភិបាលខេត្តកណ្ដាល ពិតជាមានការត្រេកអរដែលកម្មការិនីទាំង១១២នាក់ បានជាសះស្បើយ ក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
លោកបន្តថា ទោះជាបានត្រលប់ទៅផ្ទះវិញមែន ប៉ុន្តែសូមអ្នកទាំងអស់គ្នា បន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃទៀត ដើម្បីធានាបានប្រសិទ្ធភាព ហើយដល់គម្រប់ថ្ងៃទី១៣ ត្រូវត្រលប់មកយកសំណាកម្ដងទៀត ដើម្បីបញ្ជាក់ឲ្យច្បាស់លាស់ពីករណីជាសះស្បើយនេះ។
ទន្ទឹមនឹងសារនេះដែរ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានផ្ដាំផ្ញើរដល់កម្មករ-កម្មការិនីទាំងអស់ ធ្វើជាពលរដ្ឋគម្រូ ក្នុងការចូលរួមពន្យល់ ផ្សព្វផ្សាយអំពីវិធានអនាម័យនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពារជំងឺកូវីដ១៩ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ «៣ការពារ និង៣កុំ»។
ចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ ទូទាំងស្រុកអង្គស្នួល មានអ្នកវិជ្ជមានសរុបចំនួន១,៣២៧ នាក់ (ក្នុងនោះព្រឹត្តិការណ៍រោងចក្រ ១,២៦៣នាក់)។ បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ ទាំងនោះបាន និងកំពុងសំរាកព្យាបាល នៅតាមមណ្ឌលព្យាបាលទូទាំងស្រុក នៅសល់សរុប ចំនួន ៦៦៨ នាក់, ស្រី ៤២៩ នាក់ បានជាសះស្បើយសរុប ៦៥០ នាក់, ស្លាប់ចំនួន០២នាក់៕