(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យ និងរៀបចំ វិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ដើម្បីធ្វើជាមន្ទីរពេទ្យបន្ថែម សម្រាប់ព្យាបាលជំងឺកូវីដ១៩ នៅពេលមន្ទីពេទ្យមេគង្គកំពង់ចាមមានអ្នកជំងឺពេញ។
មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពេលរកឃើញវិជ្ជមានកូវីដ១៩ មានចំនួនកើនឡើងជាបន្តបន្ទាប់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការ គ្រប់បណ្ដាក្រុងស្រុកទូទាំងខេត្ត ដើម្បីពង្រីកកន្លែងធ្វើចត្តាឡីស័ក ព្រមទាំងរៀបចំបន្ថែមមន្ទីរពេទ្យ ដើម្បីត្រៀមដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩។
មន្ត្រីរដ្ឋបាលសាលាខេត្ត បានឲ្យដឹងទៀតថា មកដល់ពេលនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំយកវិទ្យាល័យព្រះសីហនុ ធ្វើជាកន្លែងសម្រាប់ក្រុមគ្រូពេទ្យព្យាបាលអ្នកជម្ងឺកូវីដ១៩បន្ថែម បន្ទាប់ពីអ្នកជម្ងឺពេញគ្រប់បន្ទប់ នៅអគារមន្ទីរពេទ្យមេគង្គកំពង់ចាម។
ដោយឡែក នៅថ្ងៃដដែលនេះដែរ លោកអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងបន្ថែម ដើម្បីរៀបចំជាមណ្ឌលចត្តាឡីស័កបន្ថែមទៀត បង្ការ សម្រាប់ដាក់អ្នកធ្វើចត្តាឡីស័ក ក្រោយអគារមណ្ឌលចត្តាឡីស័កនៅគរុកោសល្យភូមិភាគពេញគ្រប់បន្ទប់ហើយនោះ៕