(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដម្នាក់ទៀត ដែលធ្វើដំណើរមកពីខេត្តត្បូងឃ្មុំ។
សេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្តស្ទឹងត្រែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា នៅថ្ងៃទី២២ ខែឧសភានេះ ដោយមានការត្រួតពិនិត្យសុខភាពអ្នកដំណើរ ចូលខេត្ត នៅចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ (អូរច្រឡង់) ក្រុមគ្រូពេទ្យជំនាញប្រចាំគោលដៅនោះ បានយកសំណាកអ្នកសង្ស័យនៅក្នុងរថយន្តដឹកអ្នកដំណើរមួយគ្រឿង ដើម្បីវិភាគរកជំងឺកូវីដ១៩ ដោយប្រើឧករណ៍តេស្តរហ័ស ហើយជាលទ្ធផលរកឃើញវិជ្ជមានលើប្រជាពលរដ្ឋម្នាក់ឈ្មោះ យិន ដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានអាសយដ្ឋាននៅ ភូមិតាគាំ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
រដ្ឋបាលខេត្តបានបន្តទៀតថា អ្នកជំងឺរូបនេះ បានធ្វើដំណើរពីខេត្តត្បូងឃ្មុំ មកខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដោយរថយន្តដឹកអ្នកដំណើរមួយគ្រឿង មានអ្នករួមដំណើជាមួយគ្នាក្នុងរថយន្តនោះ សរុប១២នាក់។ អ្នកដំណើរក្នុងរថយន្តនេះ បានឈប់សម្រាកនៅខេត្តក្រចេះ ដើម្បីទទួលទានអាហារនៅអាហារដ្ឋានមួយកន្លែង ក្បែររង្វង់មូលធំ ចំណុចផ្លូវបំបែកឆ្ពោះមកខេត្តស្ទឹងត្រែង។
ក្រុមការងារជំនាញ បានបន្តយកសំណាកវិភាគ ដោយប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សចំពោះអ្នករួមដំណើរជាមួយទាំង ១២នាក់ ដើម្បីវិភាគរកជំងឺកូវីដ-១៩ ជាលទ្ធផល អវិជ្ជមានទាំង១២នាក់ និងបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ស្រុកសៀមបូក ស្ថិតនៅឃុំអូរឫស្សីកណ្តាល៤នាក់ នៅមណ្ឌលចត្តាឡីស័កស្រុកសេសាន ៧នាក់ និងនៅមណ្ឌលចត្តាឡីស័កក្រុងស្ទឹងត្រែង ១នាក់។ សម្រាប់អ្នកជំងឺខាងលើនេះ បានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងអគារព្យាបាលអ្នកជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែកខេត្ត យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។
ក្នុងករណីមានការសង្ស័យពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩ សូមមេត្តាទំនាក់ទំនងមកក្រុមការងារជំនាញ តាមរយៈលេខទូរសព្ទ 088 877 8000 ឬ 017 788 000 ដើម្បីអនុវត្តវិធានការឆ្លើយតបបានទាន់ពេលវេលា។
បើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តស្ទឹងត្រែង គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ សម្រាប់ខេត្តជាប់ព្រំដែនឡាវមួយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដចំនួន៧នាក់ ក្នុងនោះស្រី៤នាក់។ អ្នកជាសះស្បើយចំនួនម្នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន៦នាក់ ក្នុងនោះស្រី៣នាក់៕