(ភ្នំពេញ)៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ គឺជាទិវាៈចម្រុះអន្តរជាតិ ២២ ឧសភា ២០២១ ក្រសួងបរិស្ថាន បានរៀបចំធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «យើងជាចំណែកមួយនៃដំណោះស្រាយ (We’re part of the solution)។

ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ២០២១ ត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ នៅឆ្នាំ២០០០ ហើយត្រូវបានរៀបចំឡើងទៅតាមប្រធានបទខុខៗគ្នា ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង របស់សាធារណៈជនអំពី គុណតម្លៃនៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។

ដើម្បីអបអរសាទព្រឹត្តិការណ៍នេះ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រសួងបរិស្ថាន ប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិលើកទី០៨ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តាមរយៈវេទិកាជជែក ពិភាក្សាតាមប្រព័ន្ធអនឡាញ និងការចាក់វីដេអូអប់រំផ្សព្វផ្សាយខ្លីៗ ព្រមទាំងការផ្សព្វផ្សាយរូបភាព និងបដាពាក្យស្លោក ពាក់ព័ន្ធនឹងប្រធានបទទិវាផងដែរ។

តាមរយៈវេទិកាជជែកពិភាក្សាតាមប្រព័ន្ធអនឡាញ ដោយបានលើកយកប្រធានបទសំខាន់ៗចំនួន៧ សម្រាប់ការជជែកពិភាក្សា រួមមាន៖

*ទី១៖ ការរៀបចំទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា
*ទី២៖ ការសិក្សាស្រាវជ្រាវពីកេសរកូលព្រៃនៅកម្ពុជា
*ទី៣៖ បទពិសោធន៍ការងារពាក់ព័ន្ធនឹងការអភិរក្សជីវៈចម្រុះតំបន់ដីសើម និងទឹកសាប
*ទី៤៖ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានក្នុងតំបន់ការពារធម្មជាតិ
*ទី៥៖ តួនាទី និងគុណតម្លៃរបស់ជីវៈចម្រុះ និងដំណោះស្រាយ
*ទី៦៖ ការអប់រំផ្សព្វផ្សាយបរិស្ថាន និងជីវៈចម្រុះ
*ទី៧៖ ការគ្រប់គ្រងសំណល់រឹង និងការអភិរក្សជីវៈចម្រុះ។

ទន្ទឹមនឹងនេះក្រសួងបរិស្ថាន ក៏បានរៀបចំជាវីដេអូអប់រំផ្សព្វផ្សាយខ្លីៗ ព្រមទាំងការផ្សព្វផ្សាយរូបភាព និងបដាពាក្យស្លោកតាមបណ្តាញសង្គម និងនៅតាមទីសាធារណៈ និងទីប្រជុំជននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តរួមមាន៖ កណ្តាល សៀមរាប កំពង់ធំ កំពត ព្រះវិហារ មណ្ឌលគិរី ក្រុងព្រះសីហនុ និងបន្ទាយមានជ័យផងដែរ។

សូមជម្រាបថា នេះគឺជាឆ្នាំទី៨ហើយ ដែលកម្ពុជាបានចូលរួមរៀបចំប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើននូវការយល់ដឹងដល់សាធារណជន និងលើកទឹកចិត្តឱ្យមានការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ការរៀបចំទិវានេះ ក៏បានបង្ហាញអំពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការចូលរួមចំណែកគ្រប់គ្រង និងអភិរក្សធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក ដើម្បីអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ៕

សូមទស្សននាវីដេអូ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖